{"asset":"news","key":"10666","locale":"km","id":"news:10666:km","entityId":"news:10666","canonicalUrl":"https://www.kps-tv.com/km/news/detail/10666","state":"ready","title":"សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនភរិយា និងក្រុមគ្រួសារ អតីតនាយករដ្ឋមន្ត្រីជប៉ុន Yasuo FUKUDA","summary":"សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកទុក្ខជូនលោកជំទាវ Kiyoko FUKUDA និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម Yasuo FUKUDA អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានទទួលមរណភាពនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៩០ឆ្នាំ នៅរាជធានីតូក្យូ។ ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ស្វាមីជាទីស្រឡាញ់របស់លោកជំទាវ ព្រមទាំងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងប្រជាជនជប៉ុន ក្នុងនាមព្រឹទ្ធសភាកម្ពុជា ប្រជាជនកម្ពុជា និងក្នុងនាមខ្លួនផ្ទាល់។","body":"សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកទុក្ខជូនលោកជំទាវ Kiyoko FUKUDA និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម Yasuo FUKUDA អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានទទួលមរណភាពនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៩០ឆ្នាំ នៅរាជធានីតូក្យូ។\n\nក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ស្វាមីជាទីស្រឡាញ់របស់លោកជំទាវ ព្រមទាំងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងប្រជាជនជប៉ុន ក្នុងនាមព្រឹទ្ធសភាកម្ពុជា ប្រជាជនកម្ពុជា និងក្នុងនាមខ្លួនផ្ទាល់។សម្តេចតេជោបានលើកឡើងថា ការទទួលមរណភាពរបស់ឯកឧត្តម Yasuo FUKUDA គឺជាការបាត់បង់រដ្ឋបុរសជប៉ុនមួយរូប ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពទាំងក្នុងប្រទេសជប៉ុន និងលើឆាកអន្តរជាតិ។\n\nសម្រាប់កម្ពុជា ឯកឧត្តម Yasuo FUKUDA នឹងត្រូវបានចងចាំក្នុងនាមជាមិត្តដ៏ជិតស្និទ្ធ និងជាឥស្សរជនសំខាន់មួយរូបក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។ ជាពិសេស គោលនយោបាយការបរទេសតាមរយៈលទ្ធិហ្វូគូដា (Fukuda Doctrine) និងការទូត «ពីបេះដូង » (Heart to Heart Diplomacy) បានរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងជប៉ុន និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។ក្នុងអំឡុងពេលឯកឧត្តម Yasuo FUKUDA កាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ប្រទេសជប៉ុនបានបន្តធ្វើជាដៃគូសហការរបស់កម្ពុជាក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសក្រោយជម្លោះ ដោយផ្តោតលើវិស័យសំខាន់ៗ រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស ការបោសសម្អាតមីន និងការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌។\n\nសម្តេចតេជោបានបញ្ជាក់ថា ការរួមចំណែករបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានបន្សល់ទុកនូវស្នាមដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍន៍កម្ពុជា និងក្នុងការចងចាំរបស់ប្រជាជនកម្ពុជា។\n នៅចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធឯកឧត្តម Yasuo FUKUDA បានទៅកាន់សុគតិភព និងសូមឱ្យលោកជំទាវ Kiyoko FUKUDA ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរំលែកទុក្ខ និងការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុត។អត្ថបទដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"4","publishedWorkingVersionId":"15972","languageVersionId":"12861","visibilityVersion":"7","versionToken":"a1.ciMGd47YmrpKK7HJv4R1YUQXfrW_DIpfT50-ubT3kxc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-29T07:17:20Z"}