# សិប្បកម្មវេចខ្ចប់កាហ្វេ KOFI នៅខណ្ឌចំការមនរងការពិន័យអន្ដរការណ៍

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/2683>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"17165","languageVersionId":"15225","visibilityVersion":"2","versionToken":"a1.FoxPNdAT2t8Z5Uacjuzc9AsRSy9yw7TM5TZ6MlZ907E"}

Original publication: 2025-10-22T08:43:37Z

ក្រសួងបរិស្ថានបានពិន័យសិប្បកម្មកាហ្វេ KOFI នៅខណ្ឌចំការមន ដោយរកឃើញការបញ្ចេញផ្សែងពីម៉ាស៊ីនភ្លើងដោយខ្វះលិខិតអនុញ្ញាត និងលិខិតបញ្ជាក់គុណភាពខ្យល់ ព្រមទាំងមិនគោរពកិច្ចសន្យាការពារបរិស្ថាន។

ដោយសារតែកាបញ្ចេញសារធាតុបំពុលខ្យល់ពីម៉ាស៊ីនភ្លើងដោយពុំមានលិខិតអនុញ្ញាត លិខិតបញ្ជាក់គុណភាពខ្យល់ក្នុងអគារផលិតកម្ម និងក្រៅអគារផលិតកម្មពីក្រសួងបរិស្ថាន និងមិនគោរពតាមកិច្ចសន្យាការពារបរិស្ថានចេញដោយមន្ទីរបរិស្ថានរាជធានីភ្នំពេញ, សិប្បកម្ម លីង កិន វេចខ្ចប់កាហ្វេ ខូហ្វី (KOFI CO.,LTD) ត្រូវបានទទួលរងការពិន័យអន្ដរការណ៍ពីក្រសួងបរិស្ថាន។ ការដាក់ពិន័យអន្តរការណ៍លើសិប្បកម្មខាងលើ ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ខណៈក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋាន រួមជាមួយមន្រ្តីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចុះពិនិត្យនិងរកឃើញសិប្បកម្មខាងលើល្មើសនឹងមាត្រា១៧៣ មាត្រា៦៩៤ និងមាត្រា៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ដោយសារសិប្បកម្មនេះមានក្លិនផ្សែងឈ្ងៀមដែលបង្កឱ្យប៉ះពាល់ដល់បរិស្ថាននៅជុំវិញ។
ក្រសួងបរិស្ថានក៏បានដាក់ចេញវិធានការច្បាប់បន្ថែមលើសិប្បកម្មនេះ ដោយតម្រូវឱ្យបិទភ្ជិតកន្លែងដែលលេចធ្លាយផ្សែង និងក្លិនឈ្ងៀម (ក្លិនកាហ្វេ) ឱ្យបានរួចរាល់មុនថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ជាកំហិត។ មិនតែប៉ុណ្ណោះ សិប្បកម្មត្រូវកែលម្អប្រព័ន្ធចម្រោះសម្អាតផ្សែង និងក្លិន(Afterburner )ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន។ ក្នុងករណីសិប្បកម្មមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ដោយមិនមានការលើកលែង និងបិទអាជីវកម្មជាស្ថាពរតែម្តង។ សិប្បកម្ម លីង កិន វេចខ្ចប់កាហ្វេ ខូហ្វី (KOFI CO.,LTD) មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


