{"asset":"news","key":"2692","locale":"km","id":"news:2692:km","entityId":"news:2692","canonicalUrl":"https://www.kps-tv.com/km/news/detail/2692","state":"ready","title":"បាក់ស្រុតច្រាំងស្ទឹងលើកដែកនៅវត្តជ្រោយ ក្នុងស្រុកកោះធំ មន្រ្តីបច្ចេកទេសថាដោយសារចរន្តទឹកកួច","summary":"ច្រាំងស្ទឹងលើកដែកប្រវែង៤០ម៉ែត្រនៅវត្តជ្រោយបានបាក់ស្រុត និងបង្កការខូចខាតសំណង់ក្នុងវត្ត។ មន្ត្រីបច្ចេកទេសថា ចរន្តទឹកកួចនិងការជ្រាបទឹកពីលូរំដោះទឹកភ្លៀងជាមូលហេតុ។","body":"ច្រាំងស្ទឹងលើកដែកប្រវែង ៤០ម៉ែត្រត្រូវបានបាក់ស្រុតចុះក្រោមជម្រៅប្រហែល២០ម៉ែត្រ បណ្តាលឱ្យខូចខាតកុដិ ១ខ្នង ខ្យូសប្រក់ក្បឿង ១ខ្នង និងខ្ទមអ្នកតាចំនួន១។ ទីតាំងរងការបាក់ស្រុតនេះ ស្ថិតនៅចំណុចវត្តជ្រោយ ភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។ នៅថ្ងៃទី២១ ខែតុលា ឯកឧត្តម ឈុន ពុទ្ឋារិទ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស បានដឹកនាំមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ ចុះពិនិត្យជាក់ស្តែងទីតាំងមាត់ស្ទឹងលើកដែកដែលរងការបាក់ច្រាំងនោះ។ ជុំវិញករណីនេះ មន្រ្តីបច្ចេកទេស បានបញ្ជាក់ឱ្យដឹងថា ទីតាំងដែលបានបាក់ស្រុតនេះ ស្ថិតនៅវត្តជ្រោយជាប់មាត់ស្ទឹងលើកដែក។ ចំណែកមូលហេតុនៃការបាក់ស្រុតស្ទឹងលើកដែក ដោយសារនៅពេលទឹកហូរចេញពីទន្លេមេគង្គ និងទន្លេបាសាក់ចូលតាមព្រែកលើកដែកមកប្រសព្វត្រង់ចំណុចមុខវត្តជ្រោយនេះ ធ្វើឱ្យចរន្តទឹកកួចវិល បណ្តាលឱ្យដីច្រាំងសឹករិចរិល ស្របពេលលូរំដោះទឹកភ្លៀងក្នុងវត្តបង្ហូរធ្លាក់ចំទីតាំងដែលបានបាក់ស្រុត ដែលជាផ្នែកមួយធ្វើឱ្យមានជម្រាបទឹកក្រោមដី បណ្តាលឱ្យមានការបាក់ស្រុតនេះតែម្តង។ យ៉ាងណាករណីនេះ អាជ្ញាធរមិនបានបញ្ជាក់ពីការប៉ះពាល់ដល់អាយុជីវិតរបស់មនុស្សនោះទេ។ នេះបើតាមការឱ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម៕\nស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"17068","languageVersionId":"15029","visibilityVersion":"2","versionToken":"a1.0G34LUwI6-qH5Q8nX8J8BAG0s49GFjBuG3snQug2__4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-10-22T09:17:37Z"}