{"asset":"news","key":"2782","locale":"km","id":"news:2782:km","entityId":"news:2782","canonicalUrl":"https://www.kps-tv.com/km/news/detail/2782","state":"ready","title":"ឯកឧត្តមម៉ាង ស៊ីណេត៖ «ខ្ញុំសប្បាយចិត្តដែលបានជួបប្អូនៗតែខ្ញុំមិនចង់ជួបប្អូនៗនៅទីនេះទេ»","summary":"អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បាននាំយកជំនួយជូនអ្នកកំពុងព្យាបាលចំនួន១៨៦៣នាក់នៅមជ្ឈមណ្ឌលកែវផុស នៅថ្ងៃទី២៥ ខែតុលា និងលើកទឹកចិត្តឱ្យពួកគាត់ស្ដារជីវិតក្រោយចាកចេញ ដោយមិនត្រឡប់មកមជ្ឈមណ្ឌលវិញ។","body":"ថ្លែងចេញពីទីតាំងមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្នែកលើសសហគមន៍ កែវផុស ឯកឧត្តម ម៉ាង ស៊ីណេត លើកឡើងថា៖ «ខ្ញុំសប្បាយចិត្តដែលបានជួបប្អូនៗ ប៉ុន្តែខ្ញុំមិនចង់ជួបប្អូនៗនៅទីនេះទេ»។ ឯកឧត្តមអភិបាលខេត្តព្រះសីហនុថ្លែងដូច្នេះ នៅពេលដែលឯកឧត្តមអញ្ជើញនាំយកអំណោយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិតប្រគល់ជូនអ្នកញៀនគ្រឿងញៀនជិត២ពាន់នាក់ (១,៨៦៣នាក់) ដែលកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលនោះនាព្រឹកថ្ងៃទី២៥ ខែតុលា។\nឯកឧត្តមអភិបាលខេត្ត បាននិយាយទាំងអារម្មណ៍ខកចិត្តថា ខេត្តព្រះសីហនុកំពុងខ្វះកម្លាំងពលកម្មជាច្រើនដែលត្រូវបំពេញនៅតាមរោងចក្រសហគ្រាស ប៉ុន្តែបែរជាមកឃើញយុវជនទាំងអស់នៅទីនេះទៅវិញ។ ដូច្នេះឯកឧត្តមចង់ឃើញយុវជនទាំងអស់ដែលទីនេះក្លាយជាពលរដ្ឋល្អ មិត្តល្អ និងជួយចូលរួមការអភិវឌ្ឍន៍ជាតិមាតុភូមិរបស់យើង។ ក្នុងន័យនេះ ឯកឧត្តម ម៉ាង ស៊ីណេត ចង់សង្កត់ធ្ងន់ថា ប្រសិនបើពាក់ព័ន្ធជាមួយគ្រឿងញៀននោះយុវជនទាំងអស់មិនអាចជួយអភិវឌ្ឍន៍ជាតិបានទេ ផ្ទុយទៅវិញមានតែជាបន្ទុករបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ ការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម គឺគ្រាន់តែយុវជនមានការងារធ្វើល្អស្របច្បាប់ និងជួយលើកកម្ពស់ជីវភាពគ្រួសារឱ្យរីកចម្រើន នោះស្មើនឹងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិហើយ។\nយ៉ាងណាមិញ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ទៀតថា៖ «សូមគិតគូរពិចារណាឡើងវិញ គិតថាការចូលមកទីនេះ(មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្នែកលើសសហគមន៍ កែវផុស) គឺជាមេរៀន និងបទពិសោធន៍នៃជីវិតមួយរបស់យើង។ ដូច្នេះ ពេលបានត្រឡប់ទៅវិញ សូមកុំត្រឡប់មកទីនេះម្តងទៀតឱ្យសោះ»។ លើសពីនេះ ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ «យើងបើកទទួលប្អូនៗនៅកន្លែងនេះ គឺបើកទាំងការឈឺចាប់ មិនមែនសប្បាយចិត្ត រីករាយនៅពេលដែលបានឃើញបងប្អូនមកច្រើននោះទេ។ ផ្ទុយទៅវិញ ពេលឃើញបងប្អូនមកកាន់តែច្រើន យើងឈឺចាប់កាន់តែខ្លាំង។ ដូច្នេះសង្ឃឹមថា ប្អូនៗចេញទៅវិញនឹងខិតខំកសាងអនាគតថ្មីឱ្យបានល្អប្រសើរ»។ គួររំលឹកថា នេះគឺជាលើកទី២ហើយដែលឯកឧត្តមអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្នែកលើសសហគមន៍ កែវផុស ខណៈលើកទី១ បានប្រគល់ជូនកាលពីអំឡុងខែមិថុនា ឆ្នាំ២០២៥៕\nស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"17163","languageVersionId":"15219","visibilityVersion":"2","versionToken":"a1.kZmTisWMeJuPe-PPwzoeXLasP7bwKnYkRq_74J-6PGc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-10-25T08:52:57Z"}