{"asset":"news","key":"2788","locale":"km","id":"news:2788:km","entityId":"news:2788","canonicalUrl":"https://www.kps-tv.com/km/news/detail/2788","state":"ready","title":"ព្រលានយន្តហោះខ្នាតយក្សរបស់កម្ពុជានឹងភ្ជាប់ជើងហោះហើរត្រង់ថ្មីមួយទៀតជាមួយទីក្រុងតូក្យូនៅថ្ងៃស្អែក","summary":"យោងតាមក្រសួងទេសចរណ៍ Air Cambodia គ្រោងបើកជើងហោះហើរត្រង់ភ្នំពេញ–តូក្យូ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រសិនបើគ្មានការប្រែប្រួល។ អត្ថបទក៏រៀបរាប់សមត្ថភាពអាកាសយានដ្ឋាន និងការព្យាករណ៍កៅអីហោះហើរឆ្នាំ២០២៥របស់ Cirium ផងដែរ។","body":"បើគ្មានអ្វីប្រែប្រួលទេ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia នឹងភ្ជាប់ជើងហោះហើរត្រង់ពីរាជធានីភ្នំពេញ ប្រទេសកម្ពុជាទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី២៦ ខែតុលានេះ។ បើតាមក្រសួងទេសចរណ៍កម្ពុជា ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ កម្ពុជានឹងទទួលបានជើងហោះហើរត្រង់ថ្មីមួយទៀតទៅទីក្រុងតូក្យូ ដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia ខណៈបច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៣២ក្រុមហ៊ុនកំពុងប្រតិបត្តិការហោះហើរចេញ-ចូលនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មើលឃើញថា នេះសញ្ញាវិជ្ជមាននៃភាពជោគជ័យថ្មីបន្ថែមទៀតសម្រាប់វិស័យអាកាសចរណ៍កម្ពុជា និងជាការជំរុញវិស័យទេសចរណ៍នៅប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍។\nដោយឡែក ក្នុងដំណាក់កាលដំបូងរបស់ខ្លួន អាកាសយានដ្ឋានខ្នាតអន្តរជាតិនេះ គ្រោងនឹងទទួលអ្នកដំណើររហូតដល់ ១៣លាននាក់ក្នុងមួយឆ្នាំ។ ចំណែករបាយការណ៍របស់ក្រុមហ៊ុនវិភាគទិន្នន័យអាកាសចរណ៍ Cirium បានបង្ហាញថា ឆ្នាំ២០២៥ កម្ពុជានឹងស្វាគមន៍ជើងហោះហើរចំនួន ៣១,៥៧៩ លើក កើនឡើង ១៤.២% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២៤។ រីឯកៅអីសម្រាប់អ្នកដំណើរដែលអាចប្រើបាន ក៏នឹងឡើងដល់ ៥,១៨២,៨៦៤កន្លែង កើនឡើង ១៤.៧% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបង្ហាញភាពរីកចម្រើនរបស់កម្ពុជាក្លាយជាគោលដៅទេសចរណ៍មួយចំណោមគោលដៅដទៃទៀតដែលប្រកបដោយកម្លាំងរស់រវើក និងសន្ទុះអភិវឌ្ឍន៍ខ្លាំងបំផុតនៅអាស៊ី៕\nស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"17159","languageVersionId":"15207","visibilityVersion":"2","versionToken":"a1.N76afwtC7AMJGNXKMZan8wCO7_YBfW6rjv79lWQdSJQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-10-25T10:32:40Z"}