{"asset":"news","key":"2809","locale":"km","id":"news:2809:km","entityId":"news:2809","canonicalUrl":"https://www.kps-tv.com/km/news/detail/2809","state":"ready","title":"កម្ពុជា និងកូរ៉េព្រួតដៃគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា","summary":"ហ៊ុន ម៉ាណែត និងប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung បានពិភាក្សានៅគួឡាឡាំពួរ ថ្ងៃទី២៧ ខែតុលា និងគ្រោងបង្កើតក្រុមការងាររួមនៅខែវិច្ឆិកា ដើម្បីប្រឆាំងបទឧក្រិដ្ឋពាក់ព័ន្ធជនជាតិកូរ៉េនៅកម្ពុជា រួមទាំងការឆបោកតាមបច្ចេកវិទ្យា។","body":"ក្រុមការងារចំពោះកិច្ចចម្រុះរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ នឹងលេចរូបរាងឡើងនៅក្នុងអំឡុងខែវិច្ឆិការនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះជាជំហររួមគ្នារវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅទីក្រុងគួឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៧ ខែតុលានេះ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន។ មេដឹកនាំកំពូលទាំងពីរ បានបញ្ជាក់ជំហរថា កម្ពុជានិងសាធារណរដ្ឋកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជាឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា, ការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។\nចំណែក កាលពីលោកជំទាវ គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េ អញ្ជើញមកទស្សនកិច្ចនៅកម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បានរំលេចថា កម្ពុជាតែងតែចាត់វិធានការយ៉ាងសកម្ម និងបន្តបន្ទាប់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយភាពម្ចាស់ការ ហើយលោកជំទាវ គីម ជីណា ក៏បានវាយតម្លៃថា កន្លងមកនគរបាលកម្ពុជា-កូរ៉េ បានសហការគ្នាជាច្រើនលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយទទួលបានលទ្ធផលល្អ  ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយពុំបានចុះផ្សាយព័ត៌មានទាំងនោះឱ្យបានពេញលេញឡើយ ដែលប្រការនេះបង្កឱ្យមានការយល់ច្រឡំ។ មិនតែប៉ុណ្ណោះ លោកជំទាវ គីម ជីណា ថានឹងរៀបចំប្រគល់បញ្ជីមុខសញ្ញាឧក្រិដ្ឋជនរួមទាំងជនបរទេសដែលជាមេខ្លោងនៃអំពើឆបោកតាមប្រព័ន្ធអនឡាញដល់ក្រសួងមហាផ្ទៃកម្ពុជាផងដែរ។ ដោយឡែក ក្នុងជំនួបរវាងសម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីកូរ៉េនាពេលនេះ ក៏បានឯកភាពក្នុងការរួមគ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មានអំពីលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ កន្លងមក កម្ពុជាបានបញ្ជូនជនជាតិកូរ៉េចំនួន ១៨០នាក់ ឱ្យត្រឡប់ទៅសាធារណរដ្ឋកូរ៉េវិញរួចមកហើយ ។ ក្នុងរយៈពេល៤ខែចុងក្រោយឆ្នាំ២០២៥ សមត្ថកិច្ចកម្ពុជាបានបញ្ជូនមុខសញ្ញាមេខ្លោងនិងបក្ខពួកសរុប ៧៥នាក់ទៅតុលាការ និងបានឃាត់ខ្លួនជនសង្ស័យជាង ៣,៤០០ នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕\nស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"17132","languageVersionId":"15146","visibilityVersion":"2","versionToken":"a1.iWNuvt2VLN3WoGFLAlyFwF_wf7DHPhealTXKHuSsrqE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-10-27T04:03:44Z"}