{"asset":"news","key":"2876","locale":"km","id":"news:2876:km","entityId":"news:2876","canonicalUrl":"https://www.kps-tv.com/km/news/detail/2876","state":"ready","title":"អភិបាលខេត្តព្រះសីហនុស្នើទូតអង់គ្លេសឱ្យជួយផ្សព្វផ្សាយតំបន់ទេសចរណ៍និងជំរុញវិនិយោគមកខេត្តព្រះសីហនុបន្ថែម!","summary":"អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បានស្នើឯកអគ្គរាជទូតរងអង់គ្លេសឱ្យជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ និងទាក់ទាញវិនិយោគិនអង់គ្លេសមកកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ក្នុងជំនួបថ្ងៃទី២៨ ខែតុលា។","body":"ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែតុលា បានជួបពិភាក្សាការងារជាមួយលោកជំទាវ អាប៊ីហ្គែល ហ្វ្រាយអី ឯកអគ្គរាជទូតរងនៃស្ថានទូតអង់គ្លេស និងអៀឡង់ខាងជើងប្រចាំកម្ពុជា នៅសាលាខេត្តព្រះសីហនុ។ អភិបាលខេត្តព្រះសីហនុស្នើលោកជំទាវឯកអគ្គរាជទូតរងឱ្យជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ និងជំរុញវិនិយោគិនអង់គ្លេសមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុឱ្យកាន់តែច្រើនបន្ថែម ។\nឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានបង្ហើបប្រាប់លោកជំទាវឯកអគ្គរាជទូតរងអំពីសក្តានុពលភូមិសាស្ត្រ វិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ ដែលជាខេត្តគោលដៅសម្រាប់វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលក្នុងនោះបានបែងចែកជា៤ផ្នែកសំខាន់។ ទី១. តំបន់ឧស្សាហកម្ម និងភស្តុភាកម្ម, ទី២. តំបន់ទីក្រុងសមាហរណកម្ម, ទី៣. តំបន់ទេសចរណ៍ធម្មជាតិ និងទី៤. គឺតំបន់កសិកម្ម ក្នុងនោះរដ្ឋាភិបាលចង់អភិវឌ្ឍន៍ឱ្យមានតំបន់វារីវប្បកម្ម, ការកែច្នៃផលិតផលនេសាទ រួមទាំងការចិញ្ចឹមសត្វ និងកសិឧស្សាហកម្ម។\nក្រៅពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ខណៈកម្មវិធីនេះមានតែនៅក្នុងខេត្តព្រះសីហនុមួយតែប៉ុណ្ណោះ ។ កម្មវិធីនេះទៀតសោត មានការលើកទឹកចិត្តចំនួន២ រួមមាន៖ ១. ផ្នែកពន្ធ គឺលើកទឹកចិត្តទៅលើពន្ធលើប្រាក់ចំណូល រួមទាំងពន្ធនាំចេញ-ចូល ដែលរដ្ឋជាអ្នកទទួលបន្ទុក និងទី២. ផ្នែកមិនមែនពន្ធ គឺក្រុមការងាររាជរដ្ឋាភិបាល នឹងជួយសម្របសម្រួលនីតិវិធីក្នុងការបង្កើតរោងចក្រ ដូចជាការចេញលិខិតអនុញ្ញាតផ្សេងៗ។\nជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានកត់សម្គាល់ថា ក្នុងរយៈពេល៩ខែឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរជនជាតិអង់គ្លេសមកកាន់ខេត្តព្រះសីហនុចំនួន ១១,៩១១នាក់ កើនឡើង ២០៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤  ហើយក៏ជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមភ្ញៀវទេសចរទាំង១០ប្រទេសផងដែរ។ បន្ថែមពីនេះ អង់គ្លេសបានជួយកម្ពុជាលើកិច្ចការងារជំនួយមនុស្សធម៌ជាច្រើន ព្រមទាំងបានជួយអង្គការអភិរក្សផ្កាថ្ម និងតំបន់ការពារសមុទ្រក្រុងកោះរ៉ុង លើគម្រោងស្តីពីការគាំទ្រជំនួយបច្ចេកទេសសម្រាប់ការអភិរក្សឧទ្យានជាតិសមុទ្រនៅខេត្តកោះកុង កំពត កែប និងខេត្តព្រះសីហនុ ដែលគម្រោងនេះនឹងត្រូវអនុវត្តពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។\nជាការឆ្លើយតប លោកជំទាវឯកអគ្គរាជទូតរង មើលឃើញថា ប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ខណៈកាលពី១០ឆ្នាំមុនលោកជំទាវធ្លាប់បានមកដល់ប្រទេសកម្ពុជាម្តងរួចមកហើយ ដោយលោកជំទាវ កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរមានភាពរស់រាយរាក់ទាក់។ ដោយឡែក ពាក់ព័ន្ធនឹងសំណើរបស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ លោកជំទាវមិនបានបញ្ជាក់យ៉ាងណានោះទេ ប៉ុន្តែបានបង្ហើបប្រាប់ថា ២សប្តាហ៍ទៀត លោកជំទាវនឹងទៅលេងនៅតំបន់កោះនៃប្រទេសកម្ពុជា និងអរគុណថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដែលបានបង្ហាញពីសក្តានុពល និងផែនការអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ រួមទាំងការវិនិយោគ ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ ព្រមទាំងស្ថានភាពសន្តិសុខ និងសុវត្ថិភាពនៅក្នុងខេត្តព្រះសីហនុផងដែរ៕\nស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"17089","languageVersionId":"15062","visibilityVersion":"2","versionToken":"a1.DyOp0TWMqdQ3PrkTUvnXKoDHFdMYwsxvTriE--_MHPM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-10-29T08:06:46Z"}