{"asset":"news","key":"2882","locale":"km","id":"news:2882:km","entityId":"news:2882","canonicalUrl":"https://www.kps-tv.com/km/news/detail/2882","state":"ready","title":"ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ៖ «ទន្លេមេគង្គ–ឡានឆាង ជាប្រភពនៃជីវិត និងជាអត្តសញ្ញាណនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការ»","summary":"ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ទេសរដ្ឋមន្ត្រី លី ធុជ បានបើកសិក្ខាសាលាស្តីពីសកម្មភាពមីនតំបន់មេគង្គ–ឡានឆាងនៅសៀមរាប ដោយលើកឡើងពីតួនាទីទន្លេនេះជាប្រភពជីវិត និងនិមិត្តសញ្ញានៃសន្តិភាពនិងកិច្ចសហប្រតិបត្តិការ។","body":"នាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ឯកឧត្តមទេសរដ្ឋមន្ត្រី បណ្ឌិត លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានអញ្ជើញបើកសិក្ខាសាលាស្តីពីសកម្មភាពមីនក្នុងតំបន់មេគង្គ–ឡានឆាង និងបានបង្ហាញពីសារៈសំខាន់នៃទន្លេមេគង្គ–ឡានឆាង ដែលជាប្រភពនៃជីវិត និងជាអត្តសញ្ញាណនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការ។\nឯកឧត្តមបានលើកទឹកចិត្តឱ្យបណ្តាប្រទេសក្នុងតំបន់បន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាសន្តិភាព និងសុវត្ថិភាព តាមរយៈការលុបបំបាត់មរតកសង្គ្រាម និងការកសាងក្តីសង្ឃឹម និងអនាគតដ៏រុងរឿងសម្រាប់ប្រជាជនក្នុងតំបន់។\nឯកឧត្តមបណ្ឌិត លី ធុជ បានបន្ថែមថា កម្ពុជា និងប្រទេសជាច្រើននៅក្នុងតំបន់មេគង្គ–ឡានឆាង បានសម្រេចបានសមិទ្ធផលសំខាន់ៗក្នុងសកម្មភាពមីន ប៉ុន្តែការគំរាមកំហែងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែបន្តមាន ដែលទាមទារឱ្យបណ្តាប្រទេសពង្រឹងកិច្ចសហប្រតិបត្តិការតំបន់កាន់តែរឹងមាំ។\nក្នុងនាមជាម្ចាស់ផ្ទះ សម្ដេចទេសរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះប្រទេសក្នុងតំបន់មេគង្គ–ឡានឆាង និងភាគីពាក់ព័ន្ធនានា ដែលបានបង្ហាញឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបានតំបន់មួយ ដែលគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។\nឯកឧត្តមបណ្ឌិត លី ធុជ ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រទេសគំរូ និងឈានមុខគេក្នុងការជំរុញការប្តេជ្ញាចិត្តរួម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកមីនសកល ដើម្បីលុបបំបាត់ទុក្ខវេទនារបស់មនុស្សជាតិបង្កឡើងដោយមីន។ ក្នុងនោះ កម្ពុជាបានដាក់ចេញសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពសៀមរាប–អង្គរ ២០២៥–២០២៩ ដែលជាផែនទីដឹកនាំសកម្មភាពមីនសកល។\nតាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងទូទាំងពិភពលោក ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច–សង្គម និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពទាំងក្នុងតំបន់ និងលើកមូលដ្ឋានពិភពលោក។\nសូមបញ្ជាក់ថា សិក្ខាសាលានេះជាផ្នែកមួយនៃគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ–ឡានឆាងក្នុងសកម្មភាពមីន» ដែលគាំទ្រដោយមូលនិធិពិសេសរបស់សាធារណរដ្ឋប្រជាមានិតចិន មានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់ និងការចែករំលែកចំណេះដឹង និងជំនាញផ្នែកសកម្មភាពមីន រវាងប្រទេសនានានៅក្នុងតំបន់មេគង្គ–ឡានឆាង។\nដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"17085","languageVersionId":"15050","visibilityVersion":"2","versionToken":"a1.kpuLB_FOexhesJLXkOIYlkb26YWelF-5_Y9G5fgaPpc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-10-29T09:21:31Z"}