# អាម៉េរិក ជំរុញឱ្យកម្ពុជានិងថៃ បន្តអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3115>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16962","languageVersionId":"14815","visibilityVersion":"2","versionToken":"a1.FxCuNPubVeEw5HPKIHq_0s9j4YdKV5hJ0g-nxyunULk"}

Original publication: 2025-11-12T02:37:41Z

អាម៉េរិកជំរុញឱ្យកម្ពុជា និងថៃរក្សាស្ថិរភាព និងបន្តអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ខណៈកំពុងប្រមូលព័ត៌មានបន្ថែមអំពីហេតុការណ៍មីនដែលធ្វើឱ្យទាហានថៃរងរបួស នេះបើតាម Reuters។

សហរដ្ឋអាម៉េរិកកំពុងប្រមូលព័ត៌មានបន្ថែមអំពីឧទ្ទវហេតុ ដែលទាហានថៃជាន់មីននៅក្បែរព្រំដែនកម្ពុជា ជាមួយការជំរុញឱ្យប្រទេសកម្ពុជានិងថៃបន្តរក្សាស្ថិរភាព និងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាដោយមានប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ផ្សាយចេញពីថ្ងៃទី១២ ខែវិច្ឆិកានេះ។ 
ការជម្រុញឱ្យភាគីទាំងពីរគោរពកិច្ចព្រមព្រៀងសន្តិភាពនេះ បន្ទាប់ពីភាគីថៃបានសម្រេចផ្អាកការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ក្រោយទាហានថៃ៣នាក់រងរបួសក្នុងហេតុការណ៍ជាន់គ្រាប់មីន អំឡុងដើរល្បាតតាមព្រំដែន ហើយដែលកំពុងក្លាយជាការធ្វើតេស្ដមួយលើបទឈប់បាញ់ សម្របសម្រួលដោយលោក ដូណាល់ ត្រាំ។
រដ្ឋាភិបាលថៃបានចោទកម្ពុជាថា បានដាំមីនថ្មីៗនៅតាមបណ្ដោយព្រំដែនកំពុងមានជម្លោះរវាងប្រទេសទាំង២។ ក៏ប៉ុន្តែក្រសួងការពារជាតិកម្ពុជា បានច្រានចោល ការចោទប្រកាន់របស់ថៃ និងបានជំរុញឱ្យភាគីថៃ ចៀសវាងការល្បាតនៅតំបន់មានមីនចាស់សល់ពីសម័យសង្រ្គាម ហើយកម្ពុជានៅតែប្ដេជ្ញាចិត្តធ្វើការជាមួយថៃ ស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul កាលពីថ្ងៃអង្គារ បានប្រាប់ឱ្យក្រសួងការពារជាតិថៃផ្អាកទាំងអស់ នូវការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដោយមិនមានកាលកំណត់ ហើយថែមទាំងប្រកាសទៀតផងថាសន្តិភាពបានបិទបញ្ចប់ហើយ៕

ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


