{"asset":"news","key":"5751","locale":"km","id":"news:5751:km","entityId":"news:5751","canonicalUrl":"https://www.kps-tv.com/km/news/detail/5751","state":"ready","title":"រដ្ឋមន្ត្រីទេសចរណ៍ជំរុញ «Branding» ខេត្តនីមួយៗ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងទាក់ទាញទេសចរជាតិ-អន្តរជាតិ","summary":"រដ្ឋមន្ត្រីទេសចរណ៍អំពាវនាវក្នុងសិក្ខាសាលានៅក្រចេះឱ្យខេត្តនីមួយៗមានអត្តសញ្ញាណពិសេស ដើម្បីបង្កើនការប្រកួតប្រជែងនិងទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ។","body":"ខេត្តក្រចេះ៖ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង និងបង្កើនតម្លៃបន្ថែមក្នុងវិស័យទេសចរណ៍កម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវឱ្យរដ្ឋបាលរាជធានី-ខេត្តទូទាំងប្រទេស បង្កើត «អត្តសញ្ញាណពិសេសផ្ទាល់ខ្លួន (Branding)» ដែលមានលក្ខណៈដាច់ដោយឡែក លេចធ្លោ និងខុសប្លែកពីគេ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើន។\nការលើកឡើងនេះ បានធ្វើឡើងក្នុងសិក្ខាសាលាស្តីពី “ការអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍” កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ ដែលជាផ្នែកមួយនៃការត្រៀមអបអរសាទរ «បុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦» ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។ កម្មវិធីនេះមានការចូលរួមពីឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ តំណាងក្រសួង-ស្ថាប័ន ព្រមទាំងវិស័យឯកជន និងភាគីពាក់ព័ន្ធជាង ៥០០នាក់។\nឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការបង្កើតអត្តសញ្ញាណទេសចរណ៍ផ្ទាល់ខ្លួនសម្រាប់ខេត្តនីមួយៗ គឺជាកត្តាសំខាន់ក្នុងការបង្កើតតម្លៃបន្ថែមខ្ពស់។ ខេត្តណាដែលអាចបង្កើតចំណុចលេចធ្លោ និងបទពិសោធន៍ដែលមិនអាចរកឃើញនៅទីកន្លែងផ្សេង នឹងក្លាយជាគោលដៅទាក់ទាញដ៏មានសក្តានុពល ធ្វើឱ្យភ្ញៀវទេសចរចង់មកទស្សនា និងស្នាក់នៅយូរជាងមុន។\nជាមួយគ្នានេះ ឯកឧត្តមក៏បានបង្ហាញពីលទ្ធផលវិស័យទេសចរណ៍ក្នុងឆ្នាំ២០២៥ ដែលកម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៥,៥៧លាននាក់ និងទេសចរជាតិជាង ២៥,១៦លាននាក់ ក្នុងនោះ ទេសចរជាតិកើនឡើង ១១,៧% បង្កើតចំណូលបរទេសប្រមាណ ៣៨៧៨ លានដុល្លារអាម៉េរិក។ លទ្ធផលវិជ្ជមាននេះ បញ្ជាក់ពីភាពធន់នៃវិស័យទេសចរណ៍ ក្រោមបរិយាកាសសុខសន្តិភាព និងស្ថិរភាពជាតិ។\nដើម្បីបន្តលើកកម្ពស់កំណើនវិស័យនេះ ឯកឧត្តមបានជំរុញឱ្យគ្រប់ភាគីអនុវត្តតាមទិសស្លោកសំខាន់ៗ រួមមាន៖ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍», «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» និង «បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»។\nគួរបញ្ជាក់ថា សិក្ខាសាលានេះក៏បានរៀបចំវេទិកាពិភាក្សាជ្រាលជ្រៅលើប្រធានបទសំខាន់២ គឺ ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាពតាមដងទន្លេ និងការអភិវឌ្ឍខ្សែទស្សនកិច្ចភូមិភាគឦសាន។ គោលបំណងគឺលើកកម្ពស់គុណភាពសេវាកម្ម ការអភិរក្សធនធានធម្មជាតិ និងវប្បធម៌ ដើម្បីអភិវឌ្ឍខេត្តក្រចេះ និងតំបន់ភូមិភាគឦសាន ឱ្យក្លាយជាគោលដៅទេសចរណ៍បៃតងដ៏ទាក់ទាញសម្រាប់អនាគត៕ ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14357","languageVersionId":"9137","visibilityVersion":"2","versionToken":"a1.k3bqyIYAagRiVgG5cylbbAov6VnnYKxcr2IbCwGstvM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-03-28T02:52:29Z"}