# វត្ថុបុរាណខ្មែរ២០រូបត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញដោយជោគជ័យ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/5935>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"14249","languageVersionId":"8828","visibilityVersion":"2","versionToken":"a1.yVPHmkEWEIKoXT0DmaqXLzwT5A8QHEWh1EmTpcY07HY"}

Original publication: 2026-04-07T06:50:07Z

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសពីការបញ្ជូនវត្ថុបុរាណខ្មែរ២០មកកម្ពុជាវិញ តាមរយៈការចរចាជាមួយអ្នកប្រមូលឯកជននៅអាស៊ី។

សមិទ្ធផលដ៏ធំធេងថ្មីមួយទៀត គឺការបញ្ជូនវត្ថុបុរាណខ្មែរចំនួន២០រូបត្រឡប់មកកម្ពុជាវិញដោយជោគជ័យ។ បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការបញ្ជូនវត្ថុបុរាណខ្មែរនេះ គឺទាមទារបានពីអ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ី។ នេះសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់កម្ពុជា ក្នុងការទាមទារ និងស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។ 
ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៦ ខែមេសា ក្រសួងវប្បធម៌ បានបង្ហាញពីដំណើរការទាមទារដែលអាចសម្រេចទៅបាន ដោយសារមានការចូលរួមជ្រោមជ្រែងពីអ្នកជំនាញនៃក្រុមការងារស្រាវជ្រាវដែលបានផ្តល់ប្រឹក្សា និងរៀបចំការចរចារហូតឈានដល់ការប្រគល់វត្ថុទាំងនេះមកកម្ពុជាវិញ។ បុគ្គលស្នូលក្នុងកិច្ចការនេះ គឺលោក Imran Hamid Khwaja ជាដៃគូនៃក្រុមហ៊ុន Tan Rajah &amp; Cheah ដែលជាក្រុមហ៊ុនច្បាប់ ដ៏ចំណាស់បំផុតមួយរបស់ប្រទេសសិង្ហបុរី និងជាមេធាវីដែលមានបទពិសោធន៍ទូលំទូលាយក្នុងការដោះស្រាយវិវាទ អន្តរជាតិ។ លោក Khwaja និងលោក Bradley J. Gordon នៃក្រុមហ៊ុន Edenbridge Asia បានដើរតួនាទី យ៉ាងសំខាន់ក្នុងការសហការ និងចរចាបញ្ជូនត្រឡប់មកវិញនៃរតនវត្ថុជាតិទាំងនេះ។
ក្រសួងវប្បធម៌ បញ្ជាក់បន្ថែមថា សមុច្ច័យដែលបានប្រគល់មកវិញមានលក្ខណៈចម្រុះសាងពីថ្មភក់ និងសំរឹទ្ធ ដូចជា រូបបដិមាសម័យបាយ័ន ដែលគេជឿថាមានប្រភពដើមមកពីក្រុងអង្គរធំ។ សម្បត្តិវប្បធម៌ទាំងនេះមិនត្រឹមតែជាវត្ថុសិល្បៈទេ តែជាសាក្សីរស់ នៃបញ្ញាញាណរបស់បុព្វបុរស និងដួងព្រលឹងនៃអរិយធម៌ខ្មែរ ដែលនឹងផ្ដល់ការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជា។
ទន្ទឹមគ្នានេះ ការប្រគល់មកវិញនូវវត្ថុបុរាណទាំងនេះ ក៏បានសបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរកយុត្តិធម៌សម្រាប់បេតិកភណ្ឌវប្បធម៌របស់ខ្លួន។ កម្ពុជាមានក្តីរំភើបចំពោះការវិលត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរមកកាន់មាតុភូមិកំណើត។ សមិទ្ធផលនេះ បានបញ្ជូនសារយ៉ាងច្បាស់ថា ប្រជាជនកម្ពុជាបន្តរួបរួមគ្នាជាធ្លុងមួយក្នុងការ ការពារមរតកវប្បធម៌របស់ខ្លួនសម្រាប់មនុស្សជាតិទាំងមូល។
ជាមួយគ្នានេះ ក្រសួងវប្បធម៌ បានអំពាវនាវនិងលើកទឹកចិត្តដល់សារមន្ទីរ និងអ្នកប្រមូលសមុច្ច័យឯនជននានាដែលកំពុងកាន់កាប់វត្ថុបុរាណខ្មែរ សូមទាក់ទងមកក្រសួង និងចូលរួមពិភាក្សាប្រកបដោយវិជ្ជាជីវៈក្នុងការប្រគល់វត្ថុបុរាណខ្មែរមកកម្ពុជាវិញ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


