រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាច្រានចោលចំពោះសារព័ត៌មានថៃ ដែលផ្សាយថាកម្ពុជាប្រើប្រាស់ដ្រូនចូលក្នុងទឹកដីខ្លួនជាហេតុធ្វើឱ្យមានស្ថានភាពកើនកម្តៅ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានប្រកាសច្រានចោលចំពោះសារព័ត៌មានរបស់ថៃដែលបានផ្សាយបំភ្លៃការពិតថា កម្ពុជា បានប្រើប្រាស់ដ្រូនចូលនៅក្នុងទឹកដីថៃ ដែលការផ្សាយនេះជាហេតុធ្វើឱ្យ បង្កើតស្ថានភាពកើនឡើងកម្តៅរវាងប្រទេសទាំងពីរ។ នេះគឺជាការថ្លែង បញ្ជាក់ របស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលីសុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាសូមច្រានចោលចំពោះការផ្សព្វផ្សាយ ដោយគ្មានមូលដ្ឋាន របស់ សារព័ត៌មានថៃមួយចំនួន ដែលផ្ទុយពីការពិត ដោយថ្មីៗនេះ ថៃបានផ្សាយព័ត៌មានមួយចំនួនដោយ បានយករូបភាព វិដេអូក្លែងក្លាយ  ធ្វើការ អត្ថាធិប្បាយខ្លឹមសាបំភ្លៃ មិនពិត លាបព៌ណ ថាដ្រូននោះជារបស់កម្ពុជា បានហោះចូលក្នុងទឹកដីថៃ ។ ទង្វើទាំងនេះ មិនត្រឹមត្រូវតែរក្សា ឱ្យមាន ភាពល្អប្រសើរប៉ុណ្ណោះទេ តែវាកាន់បង្កឱ្យមានការកើនឡើងកម្តៅដោយ មិនចាំបាច់»។ លោកជំទាវឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា កម្ពុជាទទូចឱ្យសារព័ត៌មានថៃទាំងនោះ បញ្ឈប់ជាបន្ទាន់ នូវទង្វើទាំងនោះ។

ជាមួយគ្នានោះដែរ លោកជំទាវឧត្តមសេនីយ៍ឯកបានបន្ថែមថា កម្ពុជាក៏អំពាវនាវដល់ភាគីថៃ ចៀសវាងការបង្ហោះដ្រូន របស់ខ្លួន ចូលដែនអាកាសរបស់ កម្ពុជា  ហើយកម្ពុជាក៏មានវិធានការចំពោះដ្រូនដែលហោះចូលក្នុងទឹកដីកម្ពុជានោះដែរ។

ជាមួយគ្នានោះដែរ លោកជំទាវក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ចំពោះកងកម្លាំងកម្ពុជាចំនួន១៨នាក់ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃ ភាគីថៃមិនទាន់បញ្ជូនមកឱ្យកម្ពុជាវិញនោះទេ ក្រៅពីកងកម្លាំង២រូបដែលបានបញ្ជូនមកឱ្យកាលពីថ្ងៃទី០១ ខែសីហាមកនេះ ដោយមានរបួស និង មានវិបត្តិស្មារតី។ លោកជំទាវបានឱ្យដឹងទៀតថា កម្ពុជាជំរុញឱ្យភាគីថៃធ្វើការប្រគល់កងកម្លាំង១៨នាក់ នោះមកកម្ពុជាវិញឱ្យបានឆាប់រហ័សផងដែរ៕

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…