សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងការបរទេស ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដើម្បីខិតខំជំរុញការដោះលែង និងបញ្ជូនយោធាកម្ពុជាទាំង ១៨រូប ត្រលប់មកមាតុប្រទេសវិញឱ្យបានឆាប់បំផុត
នៅថ្ងៃទី ៤ ខែសីហានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតាមដានស្ថានភាព និងខិតខំយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពរបស់កងទ័ពកម្ពុជា ១៨នាក់ ដែលត្រូវបានភាគីថៃចាប់ខ្លួនចាប់តាំងពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥។
សម្តេចបានថ្លែងថា រាជរដ្ឋាភិបាលកំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ ដើម្បីឱ្យមានការដោះលែងយោធាកម្ពុជាឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព។ ក្នុងនោះក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងមេបញ្ជាការយោធភូមិភាគកម្ពុជា បានធ្វើការជាប់ជាប្រចាំជាមួយភាគីថៃ និងបានស្នើឱ្យម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានធ្វើការជាមួយអាជ្ញាធរថៃលើកិច្ចការនេះផងដែរ។
សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ដើម្បីធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ក្នុងការខិតខំជំរុញការដោះលែងឱ្យបានឆាប់បំផុត។
ដោយ៖ KPS99TV


