រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចធិបតី បង្ហាញអារម្មណ៍រំភើបដោយឃើញនូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នាថ្ងៃទី៦ ខែសីហានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអារម្មណ៍រំភើបដោយឃើញនូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក បន្ទាប់ពីទាហានថៃបានធ្វើការរំលោភបំពានលើអធិបតេយ្យកម្ពុជា។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់សម្តេចធិបតី៖

ខ្ញុំមានការរំភើបដោយក្នុងមួយរយៈនេះបានឃើញនូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក ដែលបានរៀបចំប្រមូលគ្នាសំដែងមតិគាំទ្រទៅដល់សន្តិភាព គាំទ្រដល់កងកម្លាំងរបស់យើងក្នុងកិច្ចការការពារបូរណៈភាពទឹកដី ក៏ដូចជាការទាមទារឲ្យថៃដោះលែងយោធិនយើងចំនួន១៨រូប ដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ។ 

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេសនូវទឹកចិត្តដ៏ថ្លៃថ្លានេះ។ សកម្មភាពទាំងអស់នេះ គឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ ដែលជាកត្តាសំខាន់របស់ជាតិខ្មែរយើង ជាពិសេសគឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្រឡាញ់សន្តិភាព ដើម្បីឈានទៅបញ្ចប់សង្គ្រាម។ 

រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរដាច់ខាតក្នុងកិច្ចការពារបូរណភាពភាពទឹកដី និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃអោយបានឆាប់រហ័ស។ ថ្ងៃស្អែកទី៧ ខែសីហា នឹងមានកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជានិងថៃ នៅប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ដើម្បីពិភាក្សាគ្នាអំពីការជំរុញអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នាកាលពីថ្ងៃទី ២៨ កក្កដា ២០២៥កន្លងទៅ។ 

ទន្ទឹមនេះ យើងក៏មិនភ្លេចយោធិនកម្ពុជាទាំង ១៨រូបដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ ដោយរាជរដ្ឋាភិបាលបាននិងកំពុងបន្តព្យាយាមតាមរយៈគ្រប់យន្តការ ដើម្បីទាមទាអោយមានការដោះលែងពួកគេ អោយវិលត្រលប់មកកម្ពុជាវិញអោយបានឆាប់រហ័សជាទីបំផុត៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ  ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…