ស្តុកអ៊ុយរ៉ានីញ៉ូមកម្រិតខ្ពស់ (Highly Enriched Uranium) របស់ប្រទេសអ៊ីរ៉ង់ អាចនឹងត្រូវផ្ទេរទៅកាន់ប្រទេសទីបីណាមួយ បន្ទាប់ពីការយល់ព្រមជារួម នេះបើយោងតាមក្របខ័ណ្ឌព្រាងដំបូងនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់។ សំណើមួយផ្សេងទៀតគឺ អ៊ីរ៉ង់ត្រូវកាត់បន្ថយកម្រិតចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងបើកច្រកសមុទ្រ Hormuz ឡើងវិញ សម្រាប់នាវាចរណ៍អន្តរជាតិ ក្នុងរយៈពេល ៧ ថ្ងៃ បន្ទាប់ពីមានការយោគយល់គ្នាជាបឋមរវាងប្រទេសទាំងពីរ។
យោងតាមសារព័ត៌មាន Al Arabia English សេចក្តីព្រាងក្របខ័ណ្ឌនេះ បានស្នើឡើងនូវយន្តការដោះស្រាយជម្លោះ ដែលមានការចូលរួមពីអ្នកសម្របសម្រួល និងភាគីអ្នកធានា ដើម្បីដោះស្រាយរាល់ការយឺតយ៉ាវ ឬការរំលោភបំពាន និងដើម្បីបង្ការ កុំឱ្យមានការកើនឡើងកម្ដៅយោធាជាថ្មី នឹងអាចកំណត់យកប្រទេសចិន ជាប្រទេសធានា រក្សាទុក ស្តុកអ៊ុយរ៉ានីញ៉ូមកម្រិតខ្ពស់ទាំងនេះ៕ អត្ថបទ៖ រិទ្ធី






