កម្ពុជា និងដាណឺម៉ាក បានបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីជាផ្លូវការ ដើម្បីពង្រឹងទំនាក់ទំនងការទូត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងប្រទេសទាំងពីរ ដែលបានធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមការដឹកនាំជាសហប្រធានរបស់ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Christian Tobias Bayer Tygesen ប្រធាននាយកដ្ឋានកិច្ចការអាស៊ី អូសេអានី អាម៉េរិកឡាទីន ការីបៀន និងអាម៉េរិក នៃក្រសួងការបរទេសដាណឺម៉ាក។
ក្នុងឱកាសនោះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី ដែលជាមូលដ្ឋានសម្រាប់រៀបចំការពិភាក្សាជាប្រចាំលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀតដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ យន្តការនេះក៏ជួយបង្កើនឱកាសឱ្យប្រទេសទាំងពីរពង្រីកទំនាក់ទំនង និងស្វែងរកកាលានុវត្តភាពសហការថ្មីៗបន្ថែមទៀត។
ជាមួយគ្នានេះ កិច្ចប្រជុំក៏ផ្តល់វេទិកាសម្រាប់មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសប្រទេសទាំងពីរ ផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិផងដែរ។ ចំណែកកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ នឹងត្រូវរៀបចំឡើងនៅព្រះរាជាណាចក្រដាណឺម៉ាក ដែលជាការបន្តរក្សាសន្ទុះ និងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងដាណឺម៉ាកឱ្យកាន់តែរឹងមាំ៕ អត្ថបទ៖ សុភ័ក្រ្ត


