ដើម្បីអបអរសាទរការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ របស់កម្ពុជា ក្រសួងទេសចរណ៍នឹងសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកិច្ចការនារី និងស្ថាប័នពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។
ក្នុងអំឡុងព្រឹត្តិការណ៍នេះ នឹងមានការរៀបចំពន្លាជាតិសម្រាប់ប្រទេសជាសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ព្រមទាំងការសម្តែងសិល្បៈ ការបង្ហាញវប្បធម៌ កិច្ចប្រជុំ និងសិក្ខាសាលា ការតាំងពិព័រណ៍តាមប្រធានបទ និងកម្មវិធីម្ហូបអាហារ។ តំបន់សម្តែងសិល្បៈ និងវប្បធម៌នឹងបង្ហាញភាពចម្រុះនៃវប្បធម៌របស់សហគមន៍ហ្វ្រង់កូហ្វូនី ហើយផ្តល់ឱកាសឱ្យប្រទេសជាសមាជិកបង្ហាញខ្លួន។ ចំណែកតំបន់កិច្ចប្រជុំ និងសិក្ខាសាលា នឹងជាកន្លែងសម្រាប់ស្ថាប័នសាធារណៈ និងដៃគូ ផ្លាស់ប្តូរគំនិតផ្តួចផ្តើម និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។
ព្រឹត្តិការណ៍នេះគ្រោងនឹងមានប្រមាណ១០០ស្តង់ ដោយអញ្ជើញស្ថាប័នសាធារណៈ សហគ្រាសឯកជន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ឱ្យចូលរួម។ នៅទីតាំងកម្មវិធីក៏នឹងមាន «ភូមិម្ហូបអាហារហ្វ្រង់កូហ្វូនី» ដើម្បីបង្ហាញម្ហូបខ្មែរ និងម្ហូបពិសេសរបស់បណ្តាប្រទេសហ្វ្រង់កូហ្វូនី។ តាមរយៈការផ្លាស់ប្តូររវាងចុងភៅ សិប្បករ និងសហគមន៍ កម្មវិធីនេះនឹងជួយផ្សព្វផ្សាយវិស័យទេសចរណ៍ និងសេវាបដិសណ្ឋារកិច្ចរបស់កម្ពុជា។
ក្រសួងទេសចរណ៍រំពឹងថា «ភូមិហ្វ្រង់កូហ្វូនី» នឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយក្លាយជាវេទិកាផ្លាស់ប្តូរដែលផ្តល់បទពិសោធន៍អំពីភាសា វប្បធម៌ និងម្ហូបអាហារ។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ដោយរំពឹងថានឹងមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូមកពីរដ្ឋ និងរដ្ឋាភិបាលហ្វ្រង់កូហ្វូនីជាង៩០ចូលរួម។



