បាតុកម្ម បានផ្ទុះឡើងជាថ្មីនៅទូទាំងតំបន់ឧស្សាហកម្មសំខាន់ៗក្នុងប្រទេសបង់ក្លាដែស បន្ទាប់ពីក្រុមកម្មកររោងចក្រកាត់ដេររាប់ពាន់នាក់ បានបដិសេធមិនទទួលស្គាល់ការបង្កើត «ក្រុមប្រឹក្សាប្រាក់ឈ្នួល» ដែលមានសមាសភាព ៦ រូប ដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលកាលពីថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា។ កម្មករបានបន្តការតវ៉ាយ៉ាងក្តៅគគុក ដើម្បីទាមទារដំឡើងប្រាក់ខែអប្បបរមារហូតដល់ ៣០.០០០ តាកា ដែលស្មើនឹងប្រមាណ ២៤១ ដុល្លារអាមេរិក។
បាតុកម្មនេះ បានរំខានយ៉ាងខ្លាំងដល់បណ្តាញដឹកជញ្ជូន និងប្រតិបត្តិការរោងចក្រជាច្រើន ដោយក្រុមបាតុករបានសម្រុកបិទផ្លូវ នឹងប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយកងកម្លាំងប៉ូលីស ដោយគប់ដុំឥដ្ឋ ដុតបំផ្លាញប៉ុស្តិ៍នគរបាល ព្រមទាំងរថយន្ត និងទ្រព្យសម្បត្តិរបស់រោងចក្រ ដែលជំរុញរោងចក្រប្រមាណ ៣០ កន្លែងត្រូវប្រកាសបិទទ្វារ។
ប្រភពដើមនៃកំហឹងរបស់កម្មករទាំងនេះ គឺការទាមទារដំឡើងប្រាក់ខែអប្បបរមាប្រចាំខែឱ្យឡើងដល់ ៣០.០០០ តាកា ដែលជាតួលេខកើនឡើងជាងពីរដង បើធៀបនឹងប្រាក់ឈ្នួលបច្ចុប្បន្នគឺត្រឹមតែ ១២.៥០០ តាកា ដែលស្មើនឹងប្រមាណ ១០០ ដុល្លារអាមេរិកប៉ុណ្ណោះ ដោយកម្មករបានលើកឡើងថា ការកើនឡើងឥតឈប់ឈរនៃតម្លៃអាហារ ផ្ទះជួល ថ្លៃដឹកជញ្ជូន និងសេវាថែទាំសុខភាព ធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ធ្លាក់ចូលក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ។
គួរបញ្ជាក់ផងដែរថា ឧស្សាហកម្មកាត់ដេរប្រទេសបង់ក្លាដែស គឺជាមជ្ឈមណ្ឌលផលិតកម្មធំជាងគេទីពីរនៅលើពិភពលោក បន្ទាប់ពីប្រទេសចិន ដោយមានកម្លាំងពលកម្មប្រមាណ ៤ លាននាក់ ភាគច្រើនជាស្ត្រី និងបង្កើតប្រាក់ចំណូលរហូតដល់ជាង ៨០% នៃប្រាក់ចំណូលនាំចេញសរុបរបស់ប្រទេសនេះ៕អត្ថបទ៖ រិទ្ធី

