មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាក្នុងទីក្រុង Zurich និងទីក្រុង Basel កាលពីចុងសប្តាហ៍កន្លងទៅនេះ ដើម្បីធ្វើបាតុកម្ម ដែលទទួលឥទ្ធិពល និងបំផុសគំនិតចេញពីចលនាតវ៉ារបស់ក្រុមយុវជននៅក្នុងប្រទេសបារាំង។ បាតុកម្មដែលធ្វើឡើងក្រោមពាក្យស្លោក យើងទ្រាំគ្រប់គ្រាន់ហើយ បានប្រែក្លាយទៅជាអំពើហិង្សា នៅក្នុងទីក្រុងទាំងពីរ រហូតបង្ខំឱ្យកងកម្លាំងប៉ូលីស បើកប្រតិបត្តិការអន្តរាគមន៍យ៉ាងក្តៅគគុក។
ការធ្វើបាតុកម្មនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឥទ្ធិពលនៃចលនាយុវជននៅទូទាំងទ្វីបអឺរ៉ុប ដោយក្រុមអ្នករៀបចំ និងបាតុករ បានទាញចំណុចប្រៀបធៀបដោយផ្ទាល់ទៅនឹងចលាចលសង្គមនៅក្នុងប្រទេសបារាំង ខណៈដែលការអំពាវនាវតាមបណ្តាញសង្គមកាលពីពេលថ្មីៗនេះ បានប្រើពាក្យស្លោកថា «GenZ ជាអ្នកគ្រប់គ្រង!»។
ពាក្យស្លោកនេះ ត្រូវបានគេសង្កេតឃើញប្រើប្រាស់យ៉ាងទូលំទូលាយក្នុងចំណោមបាតុករវ័យក្មេងនៅក្នុងប្រទេសអាល្លឺម៉ង់ផងដែរ ដែលនេះបង្ហាញឱ្យឃើញថា ការតវ៉ានៅទូទាំងទ្វីបអឺរ៉ុបកំពុងទាញយកឥទ្ធិពល និងបំផុសគំនិតពីគ្នាទៅវិញទៅមកយ៉ាងឆាប់រហ័ស តាមរយៈបណ្តាញសង្គម៕ អត្ថបទ៖ រិទ្ធី

