អាជ្ញាធររុស្ស៊ី បានចាប់ខ្លួនយុវជនវ័យក្មេងជាអនីតិជនម្នាក់ ក្រោមការសង្ស័យថាបានរៀបចំផែនការវាយប្រហារភេរវកម្មនៅក្នុងសួនសាធារណៈមួយ ក្នុងទីក្រុងម៉ូស្គូ បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ និងការព្រមានជាមុនពីរដ្ឋាភិបាលសហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Interfax ។ជនសង្ស័យដែលជាពលរដ្ឋរុស្ស៊ី បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើបណ្តាញសង្គម TikTok ដោយពាក់ស្រោមមុខ ស្លៀកសំលៀកបំពាក់យោធា និងកាន់វត្ថុស្រដៀងអាវុធ។

ជនសង្ស័យដែលមិនត្រូវបានបញ្ជាក់អត្តសញ្ញាណ ត្រូវបានរាយការណ៍ថា បានចែករំលែករូបថតដែលថតនៅសារមន្ទីរ Tsaritsyno នៅភាគខាងត្បូងទីក្រុងម៉ូស្គូ ជាមួយនឹងការសរសេរបង្ហោះថា ខ្ញុំរកឃើញទីតាំងបានហើយ ឬ I found a place។
យោងតាមរបាយការណ៍របស់ Interfax ភ្នាក់ងារ FSB បានចុះឆែកឆេរផ្ទះជនសង្ស័យ និងបានរកឃើញសម្លៀកបំពាក់យោធា ដែលដូចគ្នានឹងរូបភាពនៅលើបណ្តាញសង្គម ព្រមទាំងទិន្នន័យទូរស័ព្ទ ដែលមានព័ត៌មានពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្ម និងការសម្លាប់រង្គាល ព្រមទាំងបានចុះឈ្មោះតាមដានទំព័រ Telegram របស់ក្រុមណាស៊ីថ្មី ទៀតផង។
ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងម៉ូស្គូ បានចេញសេចក្តីប្រកាសអាសន្នផ្នែកសន្តិសុខ ដោយព្រមានពី «ការគំរាមកំហែង ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សជាច្រើន» នៅសារមន្ទីរ Tsaritsyno ដែលជាសួនសាធារណៈ និងជាតំបន់ភូមិគ្រឹះប្រវត្តិសាស្ត្រដ៏ពេញនិយមមួយ៕ អត្ថបទ៖ រិទ្ធី

