នៅប្រហែលថ្ងៃទី១ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ការប៉ះទង្គិចតាមដងផ្លូវបានកើតឡើងជាបន្តបន្ទាប់នៅទីក្រុងជាច្រើនក្នុងប្រទេសអាល្លឺម៉ង់ ដោយមានភាពចលាចលនៅទីក្រុងហ្វ្រាំងហ្វឺត ហាំប៊ឺក ប៊ែរឡាំង និងខូឡូន ជាដើម។ មនុស្សមួយចំនួនបានវាយបំផ្លាញហាង ប្លន់ហាង និងដុតរបាំងបិទផ្លូវ ព្រមទាំងគប់ដុំថ្ម ដបកែវ និងកាំជ្រួចផាវទៅលើប៉ូលិស។ អាជ្ញាធរបានដាក់ពង្រាយកម្លាំងប៉ូលិសយ៉ាងច្រើន ដើម្បីគ្រប់គ្រងស្ថានការណ៍។
ស្ថានការណ៍នៅទីក្រុងហ្វ្រាំងហ្វឺតមានភាពធ្ងន់ធ្ងរជាពិសេស។ ប៉ូលិសមូលដ្ឋានបានដាក់ពង្រាយមន្ត្រីប្រមាណ១៣០០នាក់ ហើយមនុស្ស៥៤នាក់ត្រូវចាប់ខ្លួន ហាង១៧កន្លែងរងការបំផ្លាញ ក្នុងនោះ៥កន្លែងត្រូវប្លន់ និងមន្ត្រីប៉ូលិសជាង១០០នាក់រងរបួស។ នៅទីក្រុងហាំប៊ឺកក៏មានការប៉ះទង្គិចយ៉ាងខ្លាំងដែរ ដោយប៉ូលិសបានដាក់ពង្រាយមន្ត្រីប្រមាណ១៣០០នាក់ មនុស្សប្រមាណ១២០នាក់ត្រូវនាំទៅឃាត់ខ្លួន និងប៉ូលិស១២នាក់រងរបួស។ នៅទីក្រុងប៊ែរឡាំង មន្ត្រីប៉ូលិស២៧នាក់រងរបួសស្រាល ខណៈប៉ូលិសនៅទីក្រុងខូឡូនបានប្រើកាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងមនុស្សដែលប៉ះទង្គិច។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអាល្លឺម៉ង់ ហេតុការណ៍ទាំងនេះពាក់ព័ន្ធនឹងការធ្វើបាតុកម្មរបស់យុវជន។ ក្រុមបាតុករភាគច្រើនប្រឆាំងនឹងការស្ដារឡើងវិញនូវរបបកាតព្វកិច្ចយោធា ហើយទាមទារឱ្យបង្កើនការវិនិយោគលើការអប់រំ បន្ធូរបន្ថយសម្ពាធពីការចំណាយលើជីវភាព និងកែលម្អលក្ខខណ្ឌការងារនិងលំនៅឋានសម្រាប់យុវជន។ ការជួបជុំមួយចំនួនដើមឡើយបានប្រព្រឹត្តទៅដោយសន្តិវិធី ប៉ុន្តែក្រោយមកមានអំពើហិង្សាកើតឡើងនៅទីក្រុងមួយចំនួន។
គិតមកដល់ពេលនេះ មនុស្សសរុបជាង២០០នាក់នៅទីក្រុងជាច្រើនក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបានចាប់ខ្លួន ឬឃាត់ខ្លួនជាបណ្ដោះអាសន្នដោយប៉ូលិស។ រដ្ឋាភិបាលអាល្លឺម៉ង់បានបញ្ជាក់ថា នឹងចាត់វិធានការតាមច្បាប់ចំពោះអ្នកវាយបំផ្លាញនិងប្លន់ហាង ព្រមទាំងអ្នកវាយប្រហារប៉ូលិស។
បច្ចុប្បន្ន ប៉ូលិសអាល្លឺម៉ង់នៅតែបន្តស៊ើបអង្កេតហេតុការណ៍ពាក់ព័ន្ធទាំងនេះ ខណៈព័ត៌មានបន្ថែមអំពីការរងគ្រោះ និងការខូចខាតទ្រព្យសម្បត្តិ នៅរង់ចាំការប្រកាសផ្លូវការពីអាជ្ញាធរ។

