ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន និងរោងចក្រទាំងអស់ ឱ្យអនុញ្ញាតកម្មករនិយោជិតឈប់សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល ៣ ថ្ងៃ គឺថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ ការអនុវត្តនេះធ្វើឡើងដោយយោងតាមច្បាប់ស្តីពីការងារ និងប្រកាសស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៦ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ ជាមួយគ្នានេះ និយោជកត្រូវរៀបចំបើកប្រាក់ឈ្នួលប្រចាំខែវិច្ឆិកា ជូនកម្មករនិយោជិតឱ្យបានមុនថ្ងៃឈប់សម្រាកផងដែរ។


ក្រសួងបានបញ្ជាក់ថា សហគ្រាស ក្រុមហ៊ុន និងរោងចក្រ អាចរៀបចំថ្ងៃឈប់សម្រាកនៅពេលផ្សេងពីកាលបរិច្ឆេទកំណត់បាន ប្រសិនបើមានការព្រមព្រៀងរវាងកម្មករនិយោជិត និងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងដែលបានចុះទិដ្ឋាការដោយអធិការការងារ ឬអនុសញ្ញារួមដែលបានចុះបញ្ជីនៅក្រសួង។ ចំពោះសហគ្រាសដែលមានលក្ខណៈអាជីវកម្មមិនអាចផ្អាកដំណើរការបាន ត្រូវរៀបចំឱ្យកម្មករនិយោជិតឈប់សម្រាកផ្លាស់ប្តូរវេនគ្នា។ ប្រសិនបើមិនអាចអនុវត្តតាមរបៀបនេះបាន និយោជកអាចពិភាក្សាជាមួយតំណាងកម្មករនិយោជិត ដើម្បីឱ្យបន្តធ្វើការនៅថ្ងៃបុណ្យ និងរៀបចំថ្ងៃឈប់សម្រាកជំនួសនៅពេលផ្សេងទៀត ដោយត្រូវមានបញ្ជីឈ្មោះកម្មករនិយោជិតសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។


ជាមួយនឹងការជូនដំណឹងនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យនិយោជកគ្រប់រូបអនុវត្តការឈប់សម្រាកឱ្យបានត្រឹមត្រូវ ដើម្បីធានាសិទ្ធិ និងអត្ថប្រយោជន៍របស់កម្មករនិយោជិត ស្របតាមច្បាប់ជាធរមាន។ ក្នុងករណីកម្មករនិយោជិតមិនទទួលបានការឈប់សម្រាកដោយមានប្រាក់ឈ្នួលត្រឹមត្រូវ សូមរាយការណ៍មកក្រសួងតាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦ ដើម្បីឱ្យក្រសួងចាត់វិធានការតាមច្បាប់។
អត្ថបទដោយ៖ សុភ័ក្រ្ត





