(ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦)៖ អាជ្ញាធរកម្ពុជាបានសម្រេចបណ្ដេញជនជាតិឥណ្ឌូនេស៊ីចំនួន ២១នាក់ (ស្រី ៤នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីរកឃើញថាពួកគេបានលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារដោយខុសច្បាប់។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការអនុវត្តតាមអនុសាសន៍ និងការណែនាំផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ដើម្បីរៀបចំនីតិវិធីបណ្តេញចេញនេះ។

ការចាត់វិធានការយ៉ាងម៉ឺងម៉ាត់នេះ គឺជាការស្តែងឱ្យឃើញពីការអនុវត្តតាមបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាទីតាំងឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខឡើយ។

ក្រោមការដឹកនាំតម្រង់ទិសរបស់ក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចកំពុងបន្តខិតខំស្រាវជ្រាវ បង្ក្រាបឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដើរស្វែងរកមេខ្លោង និងជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ៕ ដោយ៖ ប៉ៃ សុឃីម









