ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យ សង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។



តាមសេចក្តីជូនដំណឹងរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងយោធាថៃនៅតែបន្តដាក់បន្លាលួស ជីកប្រឡាយ សាងសង់លេណដ្ឋាន និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ផលប៉ះពាល់នេះបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរចំនួន ៧.៨៧៣នាក់ ស្មើនឹង ១.៨៦៩គ្រួសារ ក្នុងនោះមានកុមារ ១.៨៤៧នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។



អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលកំណត់ដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយផ្អែកលើច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) អនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងឯកសារបោះបង្គោលព្រំដែន ព្រមទាំងកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពកន្លងមក។ កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ ហើយបន្តការពារអធិបតេយ្យភាព និងបូរណភាពទឹកដីដោយគោរពច្បាប់អន្តរជាតិ។


ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងដែលបានឯកភាពជាមួយភាគីថៃ ជាពិសេសសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងឯកសារពាក់ព័ន្ធផ្សេងទៀត។ កម្ពុជាបន្តប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីស្តារស្ថានភាពតាមព្រំដែនឱ្យប្រសើរឡើង និងឈានទៅរកការវិលត្រឡប់នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យបានប្រក្រតីឡើងវិញឆាប់ៗនេះ៕អត្ថបទដោយ៖ សុភ័ក្រ្ត








