បណ្ណសារដ្ឋានជាតិកម្ពុជា ប្រារព្ធខួប ១០០ ឆ្នាំ នៃការបង្កើត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយរំលឹកពីដំណើរវិវត្តន៍នៃការរក្សាទុកឯកសារជាតិ និងតួនាទីដ៏សំខាន់ក្នុងការការពារមរតកប្រវត្តិសាស្ត្ររបស់កម្ពុជា។ ការកត់ត្រា និងចងក្រងឯកសារនៅកម្ពុជាមានតាំងពីសម័យមុនអង្គរ រហូតដល់បច្ចុប្បន្ន ប៉ុន្តែត្រូវបានរអាក់រអួលក្នុងរបបខ្មែរក្រហម ឆ្នាំ១៩៧៥-១៩៧៩។ ក្រោយមក ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ ឯកសារដែលនៅសេសសល់បានប្រឈមនឹងការខូចខាតដោយសារសំណើម ផ្សិត ទឹក និងសត្វល្អិត។ ទោះជួបការលំបាក បុគ្គលិកបណ្ណសារដ្ឋានដែលនៅរស់រានមានជីវិតបានខិតខំរៀបចំ សម្អាត និងសង្គ្រោះឯកសារជាច្រើនពាន់ក្បាល ដើម្បីបន្តការអភិរក្សសម្បត្តិឯកសារជាតិ។
រាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់លើការថែរក្សា ជួសជុល និងធ្វើទំនើបកម្មប្រព័ន្ធបណ្ណសារជាបន្តបន្ទាប់។ បច្ចុប្បន្ន បណ្ណសារដ្ឋានជាតិនៃកម្ពុជា បានវិវត្តខ្លួនជាស្ថាប័នសាធារណៈទំនើប ដោយរួមបញ្ចូលការអភិរក្សឯកសារបុរាណជាមួយប្រព័ន្ធគ្រប់គ្រងឌីជីថល។ ឯកសារដែលតម្កល់នៅទីនេះមានតម្លៃជាបេតិកភណ្ឌជាតិ ជាភស្តុតាងប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ ព្រមទាំងជាប្រភពដ៏សំខាន់សម្រាប់ការសិក្សាស្រាវជ្រាវ និងមានតម្លៃគតិយុត្ត។ ការរៀបចំព្រឹត្តិការណ៍ខួប ១០០ ឆ្នាំនេះ ក៏ជាឱកាសបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការការពារបេតិកភណ្ឌឯកសារ និងលើកកម្ពស់សមត្ថភាពប្រព័ន្ធបណ្ណសារឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យា។
ព្រឹត្តិការណ៍អបអរសាទរខួប ១០០ ឆ្នាំ នៃបណ្ណសារដ្ឋានជាតិ នឹងប្រព្រឹត្តទៅស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ លើកទី២០ ដើម្បីបង្ហាញជូនសហគមន៍អន្តរជាតិនូវប្រវត្តិសាស្ត្រ វប្បធម៌ និងការរីកចម្រើននៃប្រព័ន្ធបណ្ណសារកម្ពុជា។ ក្នុងឱកាសនេះ នឹងមានការរៀបចំពិព័រណ៍នៅក្នុងបរិវេណបេតិកភណ្ឌ ដោយដាក់តាំងបង្ហាញឯកសារនិងស្លាកស្នាមនៃការចងចាំជាតិ ចាប់ពីសម័យមុនអង្គរ រហូតដល់សម័យទំនើប ព្រមទាំងសមិទ្ធផលនៃការធ្វើទំនើបកម្មថ្នាលឌីជីថល និងកម្មវិធីអមជាច្រើនទៀត។ ពិព័រណ៍នេះនឹងបើកជូនប្រជាពលរដ្ឋ សាធារណជន សិស្ស និស្សិត និងភ្ញៀវជាតិ-អន្តរជាតិ ចូលរួមទស្សនាដោយសេរី ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ តទៅ។


