ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានចាប់ខ្លួនបុរសម្នាក់នៅក្នុងទីក្រុង Oklahoma ក្រោមបទចោទប្រកាន់ថាជាអ្នកផ្ញើសំបុត្ររាប់រយច្បាប់ ដែលមានផ្ទុកម្សៅពណ៌សគួរឲ្យសង្ស័យ ទៅកាន់មន្ត្រីសាធារណៈនៅទូទាំងប្រទេស អំឡុងរដូវកាលបោះឆ្នោតឆ្នាំ ២០២៤ និង ២០២៦ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មាន Fox News។
សំបុត្រសង្ស័យទាំងនោះត្រូវបានផ្ញើទៅកាន់ទីតាំងជាង ១០០ កន្លែង រួមទាំងការិយាល័យរដ្ឋលេខាធិការ និងការិយាល័យរៀបចំការបោះឆ្នោតជាច្រើនកន្លែង មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។
យ៉ាងណាមិញ យោងតាមលទ្ធផលតេស្តដែលបានរាយការណ៍ក្នុងឯកសារសំណុំរឿងចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ មិនទាន់រកឃើញសារធាតុគ្រោះថ្នាក់ណាមួយនៅក្នុងម្សៅទាំងនោះនៅឡើយ ខណៈដែលកន្លងមក អាជ្ញាធរបានព្រមានដល់អ្នកទទួលសំបុត្រទាំងអស់ ឲ្យប្រុងប្រយ័ត្ន ចំពោះម្សៅសដូចគ្នានេះ ដែលអាចជា «សារធាតុបង្កគ្រោះថ្នាក់» យ៉ាងខ្លាំង។
ក្នុងអំឡុងវដ្តបោះឆ្នោតឆ្នាំ២០២៤ ការិយាល័យរៀបចំការបោះឆ្នោតយ៉ាងហោចណាស់នៅក្នុងរដ្ឋចំនួន ១៥ បានរាយការណ៍ពីការទទួល ឬក្លាយជាគោលដៅនៃសំបុត្រសង្ស័យ។ ឯកសារសំណុំរឿងដែលបានដាក់នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ បញ្ជាក់ថា នៅពេលនោះ មិនទាន់មានការស្ទាក់ចាប់ ឬពិនិត្យសំបុត្រទាំងអស់រួចរាល់ទេ៕ អត្ថបទ៖ រិទ្ធី

