រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចហ៊ុន សែន៖បទឈប់បាញ់អាចនឹងត្រូវបំផ្លាញបើមិនទប់ស្កាត់ការប្រើជំពាមកៅស៊ូដោយកងទ័ពថៃ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឱ្យមេដឹកនាំថៃចេញបញ្ជាទៅកងទ័ពឱ្យបញ្ឈប់ការប្រើជំពាមកៅស៊ូបាញ់មកលើកងទ័ពកម្ពុជា។ បើតាមសម្តេចតេជោ «រឿងនេះបើមើលមួយភ្លេតដូចជារឿងកំប្លែង ប៉ុន្តែបើយើងមិនទប់ស្កាត់ វានឹងនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀង បទឈប់បាញ់។

សម្តេចតេជោ បញ្ជាក់លើបណ្តាញតេឡេក្រាមនៅព្រលប់ថ្ងៃទី០៨ ខែសីហាថា «តាមពិតខ្ញុំមិនចង់និយាយរឿងនេះទេ តែបើមិននិយាយខ្លាចមេដឹកនាំថៃមិនបានដឹង និងសហគមន៍អន្តរជាតិមិនបានយល់។ សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក»។

សម្តេចប្រធានព្រឹទ្ធសភា សង្កត់ធ្ងន់ថា រឿងនេះបើមើលមួយភ្លេតដូចជារឿងកំប្លែង ឬរឿងតូចតាច តែបើពិនិត្យឱ្យស៊ីជម្រៅវាជារឿងធំ ប្រសិនបើយើងមិនទប់ស្កាត់វានោះទេ។

សម្តេចតេជោថា វានឹងប្រែក្លាយពីការប្រើជំពាមកៅស៊ូ ទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃ ដោយមានការជួយយ៉ាងសកម្មពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងការចូលរួមពីចិន អាមេរិក ស្វែងរកបានយ៉ាងលំបាក។

សម្តេចតេជោបន្ថែមថា សម្រាប់កម្ពុជាប្រសិនមានប្រើ សម្តេចស្នើឱ្យរាជរដ្ឋាភិបាលចេញបទបញ្ជាទៅកងទ័ពឱ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។ សម្តេច ក៏បានស្នើទៅមេដឹកនាំថៃឱ្យចេញបញ្ជាទៅកងទ័ពឱ្យបញ្ឈប់ការប្រើជំពាមកៅស៊ូនេះ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…