អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) អះអាងថា ថៃបានយកបញ្ហាមីនធ្វើនយោបាយ ចោទប្រកាន់កម្ពុជាម្តងហើយម្តងទៀត ដើម្បីជាលេសប្រើកម្លាំងយោធាឈ្លានពានកម្ពុជា។
សេចក្តីប្រកាសព័ត៌មានចុះផ្សាយនៅថ្ងៃទី១៥ ខែសីហា អាជ្ញាធរមីន បានបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់របស់អ្នកនាំពាក្យកងទ័ពថៃថា កម្ពុជាបង្កប់មីនថ្មី ធ្វើឱ្យទាហានថៃជាន់បណ្តាលឱ្យរងរបួសជាបន្តបន្ទាប់ចំនួន ៤លើក។ មិនតែប៉ុណ្ណោះ ថៃចោទកម្ពុជារំលោភលើមាត្រា១ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុញ្ញាអូតាវ៉ា)។
ផ្ទុយទៅវិញ អាជ្ញាធរមីន បានគូសបញ្ជាក់ថា កម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលនៃការបោសសម្អាតដ៏ច្រើនលើសលុប។ ប៉ុន្តែ ជារឿយៗកងទ័ពថៃតែងចោទប្រកាន់កម្ពុជា ដោយមិនបានផ្តល់ភស្តុតាងជាក់លាក់ ឬរបាយការណ៍នៃការស៊ើបអង្កេតពិតប្រាកដនោះឡើយ។ ទន្ទឹមគ្នានេះ អាជ្ញាធរមីន បានរំលេចផងដែរថា ក្នុងឆ្នាំ២០០៨ ថៃបានចោទប្រកាន់ស្រដៀងគ្នាអំពីការដាក់មីនថ្មី ដែលការចោទនេះ គឺគ្មានភស្តុតាំងច្បាស់លាស់។ ទាំងនេះ គឺជាយុទ្ធសាស្រ្តដែលថៃប្រើប្រាស់ ដើម្បីបង្កឱ្យស្ថានភាពមានភាពតានតឹង និងឈានទៅប្រើកម្លាំងប្រដាប់អាវុធ។
ជាការឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរមីន បានផ្ញើលិខិតផ្លូវការជូនប្រធានអនុសញ្ញាអូតាវ៉ា ដើម្បីជម្រាបពីសាវតា និងប្រវត្តិដែលថៃតែងចិញ្ចឹមចិត្តឈ្លានពានកម្ពុជាដោយប្រើរូបភាពថាកម្ពុជាដាក់មីនថ្មី។
បន្ថែមពីនេះ អាជ្ញាធរមីន បានកត់ចំណាំយ៉ាងដូច្នេះ៖ «ប្រសិនគ្រោះថ្នាក់ ឬឧប្បត្តិហេតុកើតឡើងនៅក្នុងទឹកដីថៃ ថៃត្រូវទទួលខុសត្រូវខ្លួនឯង។ កម្ពុជាសូមបដិសេធដាច់ខាតរាល់ការប៉ុនប៉ងចោទប្រកាន់ ឬទំលាក់កំហុសដោយគ្មានមូលដ្ឋាន ឬប្រើជាលេសដើម្បីកេងប្រវ័ញ្ចផលប្រយោជន៍ នយោបាយ ឈានទៅឈ្លានពានដោយប្រើកម្លាំងយោធា»។
លើសពីនេះ ប្រសិនគ្រោះថ្នាក់ ឬឧប្បត្តិហេតុកើតឡើងនៅក្នុងទឹកដីកម្ពុជា ឬតំបន់ព្រំដែនមិនទាន់បញ្ចប់ការខណ្ឌសីមា មានន័យថា ថៃបានបំពានអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី០៧ សីហា។ តំបន់នេះ ជាតំបន់មានមីនច្រើនដែលបានបន្សល់ទុកដោយសង្គ្រាមក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ដល់១៩៨០ ហើយបច្ចុប្បន្ន តំបន់នេះកំពុងមានការស្រាវជ្រាវ និងត្រូវបោសសម្អាត ប៉ុន្តែការបោសសម្អាតក្នុងតំបន់នេះ មានការលំបាកដោយសារស្ថានភាពព្រៃភ្នំ និងបញ្ហាខណ្ឌសីមាព្រំដែនដែលមិនទាន់បញ្ចប់។
ដោយមូលហេតុនេះ រួមជាមួយការគំរាមកំហែងដោយយោធាថៃ និងដើម្បីសហគមន៍មានសុវត្ថិភាព ចាំបាច់ត្រូវបញ្ចប់ការខណ្ឌសីមាព្រំដែនជាមុន។ បើតាមអាជ្ញាធរមីន កម្ពុជាបដិសេធដាច់ខាតចំពោះចេតនាចោទប្រកាន់មិនពិត ឬប្រើប្រាស់បញ្ហាមីន ជាលេសដើម្បីកេងចំណេញនយោបាយ ឬរំលោភដែនអធិបតេយ្យភាពប្រទេសដទៃ។
យ៉ាងណាមិញ កម្ពុជាមិនបានប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ហើយកម្ពុជាបដិសេធ និងថ្កោលទោសយ៉ាងខ្លាំងចំពោះការចោទប្រកាន់មិនពិតអំពីការប្រើប្រាស់មីន ដើម្បីជាហេតុផលឈ្លានពាន និងរំលោភដែនអធិបតេយ្យភាពរបស់កម្ពុជា។ នេះបើតាមអាជ្ញាធរមីន។
ជាមួយគ្នានេះ កម្ពុជា បានអំពាវនាវដល់រដ្ឋភាគីអនុសញ្ញាអូតាវ៉ាទាំងអស់ចូលរួមការពារបូរណភាពអនុសញ្ញាអូតាវ៉ា និងច្រានចោលដាច់ខាតចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរវាងរដ្ឋភាគីជាក់ស្តែងករណីថៃចោទកម្ពុជា និងជំរុញឱ្យថៃដោះលែងជាបន្ទាន់នូវទាហានកម្ពុជាដែលនៅសេសសលទាំងអស់ដែលថៃបានចាប់ខ្លួន និងឃុំឃាំងដោយខុសច្បាប់ ព្រោះវាជាការរំលោភបំពានច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងឈប់បាញ់និងគោលការណ៍មនុស្សធម៌៕
ដោយ៖ ង៉ែត ពិសាន្ត



