ឧកញ៉ា ឫទ្ធី រស្មី អគ្គនាយកស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ KPS99TV បានផ្ញើសារអបអរសាទរ និងជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១របស់កម្ពុជា ក្នុងឱកាសដែលលោកជំទាវបណ្ឌិត ទទួលបាននូវពានរង្វាន់ «Smile Asia Philanthropic Visionary Award» លើកទី២។
តាមរយៈសារលិខិតអបអរសាទរ និងជូនពររបស់ឧកញ៉ា ឫទ្ធី រស្មី បានបញ្ជាក់ដូច្នេះថា «ក្នុងឱកាសដ៏ថ្លៃថ្លានៃការទទួលបាននូវពានរង្វាន់ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទាន ពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់លោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ព្រមទាំងបុត្រា-បុត្រី សូមសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលបាននូវពានរង្វាន់ “Smile Asia Philanthropic Visionary Award” លើកទី២ នៅក្នុងកម្មវិធី “Smile Asia Charity Gala 2025” ដោយមានការប្រគល់ដោយផ្ទាល់ពីលោកជំទាវ Gan Siow Huang, រដ្ឋមន្ត្រីទទួលបន្ទុកការងារកិច្ចការបរទេស និងទទួលបន្ទុកការងារពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។
ពានរង្វាន់ «Smile Asia Philanthropic Visionary Award» ត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ជូនជាកិត្តិយសដល់បុគ្គលឆ្នើមរូបណា ដែលបានចូលរួមចំណែកសំខាន់ ក្នុងសង្គមលើវិស័យថែទាំសុខភាព ហើយពានរង្វាន់នេះជាលើកដំបូងត្រូវបានប្រគល់ថ្វាយជូនម្ចាស់ក្សត្រីនៃប្រទេសប៊ូតង់ ហើយលោកជំទាវបណ្ឌិត គឺជាភរិយាថ្នាក់ដឹកនាំមួយរូបពីកម្ពុជា ដែលបានទទួលដំបូងគេ។
ការប្រគល់ពានរង្វាន់លើកទី២នេះ ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គឺជាការទទួលស្គាល់នូវស្នាដៃ សមិទ្ធផល និងការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកជំទាវបណ្ឌិត ចំពោះអង្គការ Smile Cambodia ក៏ដូចជាការយកចិត្តទុកដាក់ចំពោះសុខភាព និងសុខុមាលភាពរបស់កុមារ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។
ទន្ទឹមគ្នានេះ ឧកញ៉ា ឫទ្ធី រស្មី សូមកោតសរសើរដ៏ស្មោះ ជូនលោកជំទាវបណ្ឌិត ដែលជាថ្នាក់ដឹកនាំមួយរូប ប្រកបដោយគុណធម៌ សប្បុរសធម៌ និងមានឆន្ទៈដ៏មោះមុត បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ក្នុងការចូលរួមចំណែកយ៉ាងសកម្ម និងការយកចិត្តទុកដាក់ចំពោះសុខភាព និងសុខុមាលភាពរបស់កុមារ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

