រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រថភ្លើងដឹកប្រេងឥន្ធនៈក្រឡាប់ធ្លាក់ចេញពីផ្លូវចំនួន៤ទូនៅខេត្តបាត់ដំបង

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

រថភ្លើងខ្សែប្រេងតេលាបានធ្លាក់ផ្លូវរត់ នៅចំណុចកើតហេតុ PK274ស្ថិតភូមិទួលតាឯក សង្កាត់ទួលតាឯក នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីវេលាម៉ោងជាង១១ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។ នេះបើតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាមឯកឧត្តម ផន រឹម ករណីនេះ មិនមានរងគ្រោះដល់មនុស្សទេ ហើយហេតុការណ៍ កើតឡើងដោយសារកត្តាផ្លូវស្រុត ដោយបណ្តាលឱ្យធ្លាក់ចំនួន៤ទូ ក្នុងនោះក្រឡាប់ចេញប្រេងចំនួន៣ទូ និងផ្លូវដែកខូចខាត ៧០ម៉ែត្រ។ ដោយឡែក ខ្សែរថភ្លើងនេះ ជាខ្សែប្រេងទិសដៅភ្នំពេញទៅបឹងព្រីង ខេត្តបាត់ដំបង។

យ៉ាងណាមិញ ករណីនេះ សមត្ថកិច្ច និងអាជ្ញាធរបានដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយអន្តរាគមន៍បន្ទាន់។ ក្រុមហ៊ុនរ៉ូយ៉ាល់ បានបញ្ចូនគ្រឿងចក្រស្ទួចចំនួន ២គ្រឿង រថយន្តដឹកប្រេងក្រុមហ៊ុនតេឡាជាច្រើនគ្រឿង ដើម្បីបូមប្រេងចេញ និងត្រៀមរថយន្តអគ្គិភ័យ ដើម្បីបង្ការហានិភ័យកើតឡើងជាយថាហេតុ។

ឯកឧត្តមអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា សមត្ថកិច្ច បានហ៊ុព័ទ្ធទីតាំងកើតហេតុ និងហាមឃាត់ពលរដ្ឋចូលដងប្រេងដែលកំពប់លើផ្លូវដែក។ ចំណែក ការលើកដាក់ទូឡើងវិញ រំពឹងថានឹងរួចរាល់ល្ងាចនេះ។ ចំពោះការស្ដារផ្លូវដែកចរាចរណ៍បណ្ដោះអាសន្ន និងធ្វើបន្តបន្ទាប់ឱ្យរួចរាល់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…