រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អនុប្រធានរដ្ឋសភាស្នើឱ្យជួយកៀរគរវិនិយោគចិនមកកម្ពុជាបន្ថែមទៀត

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភាបានស្នើថ្នាក់ដឹកនាំវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិនជួយគាំទ្រនិងកៀរគរដល់ការវិនិយោគពីប្រទេសចិនមកកម្ពុជាឱ្យកាន់តែច្រើនឡើង។សំណើនេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោក ហ៊ូ យ៉ុងអិន (Hu Rongen) នាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន និងគណៈប្រតិភូនៅវិមានរដ្ឋសភារបស់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៨ សីហា ។ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា ស្នើលោកនាយកវិទ្យាស្

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភាបានស្នើថ្នាក់ដឹកនាំវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិនជួយគាំទ្រនិងកៀរគរដល់ការវិនិយោគពីប្រទេសចិនមកកម្ពុជាឱ្យកាន់តែច្រើនឡើង។

សំណើនេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោក ហ៊ូ យ៉ុងអិន (Hu Rongen) នាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន និងគណៈប្រតិភូនៅវិមានរដ្ឋសភារបស់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៨ សីហា ។

ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា ស្នើលោកនាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិនជួយជ្រោមជ្រែងទាំងផ្នែកបច្ចេកទេស និងនីតិវិធីច្បាប់ធ្វើយ៉ាងណាជួយគាំទ្រដល់ការវិនិយោគនិងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម បញ្ជាក់ថា គិតមកដល់ពេលនេះប្រទេសចិននៅតែឈរលំដាប់ទីមួយក្នុងការវិនិយោគនៅកម្ពុជា ហើយនៅឆ្នាំ២០២៥នេះជាឆ្នាំនៃទេសចរណ៍កម្ពុជា-ចិន ដោយប្រទេសទាំងពីរបាននិងកំពុងកសាងកិច្ចសហប្រតិបត្តិការដ៏ល្អដើម្បីគាំទ្រដល់ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី។

ឯកឧត្តម វង សូតបានជម្រាបជូនគណៈប្រតិភូចិនអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ជាពិសេសអំណោយផលនៃវិស័យកសិកម្មដែលអ្នកវិនិយោគចិនមិនគួរមើលរំលង។

ឯកឧត្តមមានប្រសាសន៍ថា វិស័យកសិកម្មកម្ពុជានាពេលសព្វថ្ងៃនេះមានការវិវឌ្ឍន៍យ៉ាងល្អប្រសើរដោយសារមានការគាំទ្រពីមិត្តចិនទាំងផ្នែកបច្ចេកទេសនិងទីផ្សារ។ លើសពីនេះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០២២មកបាននិងកំពុងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

លោក ហ៊ូ យ៉ុងអិន មានប្រសាសន៍ថា នេះគឺជាលើកទីមួយហើយដែលលោកបំពេញទស្សនកិច្ចការងារមកកាន់កម្ពុជា ហើយលោកពិតជាស្រសាញ់ប្រទេសកម្ពុជាដូចជាផ្ទះទីពីររបស់លោកដែរ។

ជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យសៀងហៃ លោក ហ៊ូ យ៉ុងអិនបានបង្កើតវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្រនេះដើម្បីបណ្តុះបណ្តាលអ្នកច្បាប់ និងកសាងប្រព័ន្ធច្បាប់ដែលចាំបាច់ឈានទៅគាំពារអ្នកវិនិយោគ និងបង្កើនបរិយាកាសវិនិយោគកាន់តែល្អប្រសើរក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។

លោកសន្យាថានឹងពាំនាំសំណូមពរនិងអនុសាសន៍របស់ឯកឧត្តម វង សូត ដើម្បីជម្រាបជូនទៅដល់អ្នកវិនិយោគគិនចិនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែម និងប្តេជ្ញាសហការជាមួយស្ថាប័នពាក់ព័ន្ធដូចជាមូលនិធិចិនដើម្បីសន្តិភាព និងការអភិវន្ឍនៅកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតរបស់កម្ពុជាដើម្បីជំរុញកិច្ចសហប្រតិបត្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន ជាពិសេសគឺផ្តោតលើការកសាងផ្នែកនីតិវិធីច្បាប់ឱ្យកាន់តែប្រសើរឡើង៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…