ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្ត និងជំរុញឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមផ្តោតលើការការពារអ្នកប្រើប្រាស់ និងគាំទ្រសហគ្រាសក្នុងស្រុក។
ការលើកឡើងបែបនេះរបស់ឯកឧត្តម ហែម វណ្ណឌី បានធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ដឹកនាំដោយ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការនេះ។
ឯកឧត្តម នៅ លក្ខណា បានជម្រាបជូនអំពីការងាររបស់គណៈកម្មាធិការ និងការផ្លាស់ប្តូរអភិក្រមពីការផ្តោតលើការបង្រ្កាបទៅការផ្សព្វផ្សាយអប់រំ និងការគាំទ្រអ្នកផលិត។ ឯកឧត្តមបានស្នើសុំកិច្ចសហការ រួមទាំងការចែករំលែកទិន្នន័យស្តីពីការផលិតក្នុងស្រុកពីក្រសួងឧស្សាហកម្ម។
ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះអភិក្រមថ្មីនេះ និងលើកទឹកចិត្តឱ្យគណៈកម្មាធិការផ្តោតលើការការពារអ្នកប្រើប្រាស់ ការគាំទ្រសហគ្រាសក្នុងស្រុក និងការរួមចំណែកដល់ការចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម ដើម្បីជំរុញនវានុវត្តន៍។ ឯកឧត្តមបានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធអនុវត្តអភិក្រមការងារជា “អង្គតែមួយរបស់រាជរដ្ឋាភិបាល” ដោយផ្តោតលើផលប្រយោជន៍ជាតិ និងកំណើននៃវិស័យឯកជនជារួម។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីកំណែទម្រង់មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានសមត្ថភាពខ្ពស់ក្នុងការគាំទ្រតម្រូវការសម្រាប់ការធ្វើតេស្តវិភាគរបស់គណៈកម្មាធិការ, មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ ដែលទើបនឹងសម្ពោធ, និងការខិតខំអភិវឌ្ឍស្តង់ដាជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលនៅកម្ពុជា៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត





