នគរបាលការពារព្រំដេនទឹកលេខ២៦៩ នៅម៉ោង១០ព្រឹកថ្ងៃទី២០ ខែសីហា បានចុះបង្រ្កាបទូកដឹកទំនិញជាគ្រឿងសមុទ្របាន១ទូក និងឃាត់ខ្លួនមនុស្ស២នាក់ ប្រគល់ជូនមន្រ្តីគយកំពុងស៊ើបអង្កេតបន្តនីតិវិធីច្បាប់។
ទូកដឹកទំនិញនេះ ភាគច្រើនសុទ្ធតែជាត្រី គោបង្កក មឹង ក្តាមថ្មសក ខ្យង និងចាក់ច្រែង ដែលជាទំនិញមិនបានបង់ពន្ធគយ ត្រូវបានបង្រ្កាបបានភ្លាមៗ ក្នុងអំឡុងពេលបម្រុងឡើងទៅលើគោក។
ក្រៅពីឃាត់ទំនិញគេចពន្ធ សមត្ថកិច្ចក៏ឃាត់បានមនុស្ស២នាក់ ទី១៖ ឈ្មោះ ឈិត ទុំ ជនជាតិខ្មែរ និងទី២៖ ឡន់ ប៉ែង ជនជាតិថៃ និងវត្ថុតាង មានទុកកន្ទុយវែង និងម៉ាស៊ីតបាត១គ្រឿង នៅចំណុចព្រែកកោះយ៉។ នេះបើតាមលោក ឈិត រតនៈ អភិបាលរងខេត្តកោះកុង។
លោកអភិបាលរងខេត្ត ក្រោយពីត្រួតពិនិត្យឃាត់បានរួចរាល់ ប្រធានគណៈកម្មការត្រួតពិនិត្យការដឹកជញ្ជូនទំនិញក្នុងភូមិសាស្ត្រខេត្តកោះកុង និងសមត្ថកិច្ចជំនាញប្រគល់ជូនមន្រ្តីសាខាគយ និងរដ្ឋាករខេត្ត បន្តស៊ើបអង្កេតអនុវត្តនីតិវិធីច្បាប់ទំនិញគេចពន្ធមកពីថៃ ត្រូវបានប្រភពព័ត៌មានក្រៅផ្លូវការទម្លាយថា មានការដឹកជញ្ជូនតាមផ្លូវទឹកក្នុងចំនួនច្រើនមិនថាយប់ឬថ្ងៃនោះទេតាមសមុទ្រ ប៉ុន្តែទោះយ៉ាងណាសមត្ថកិច្ចក៏បង្កើនការតាមដានល្បតបង្រ្កាប ប៉ុន្តែក្រុមឈ្នួញខិលខូច តែងតែផ្លាស់ប្តូរទីតាំងឡើងទំនិញទាំងនោះដោយពុំមាននរណាអាចដឹងឡើយ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត







