នៅថ្ងៃទី២៤ ខែតុលា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំព្រឹទ្ធសភាថា សម្តេចនឹងបន្តបំពេញកាតព្វកិច្ចដ៏ពិសិដ្ឋក្នុងការការពារសុវត្ថិភាពសមាជិកព្រះរាជវង្ស និងថែរក្សាស្ថិរភាព ព្រមទាំងនិរន្តរភាពនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
សម្តេច ហ៊ុន សែន បានរំលឹកពីមិត្តភាពដ៏ជ្រាលជ្រៅជាមួយព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងលើកឡើងថា ក្នុងអំឡុងពេលអមព្រះបិតាឯករាជ្យជាតិយាងទៅកូរ៉េខាងជើង សម្តេចត្រូវបានព្រះបិតាឯករាជ្យជាតិ និងសម្តេចម៉ែ មុនីនាថ ចាត់ទុកជាកូនចិញ្ចឹម និងហៅដោយក្តីស្រឡាញ់ថា «កូនប្រុសពិសេស»។ សម្តេចបានបញ្ជាក់ថា បទពិសោធន៍នេះជាមូលដ្ឋាននៃបំណងដើម និងជំនឿក្នុងការការពារព្រះរាជវង្ស និងប្រព័ន្ធរដ្ឋធម្មនុញ្ញយ៉ាងមុតមាំ។
សម្តេចបានបញ្ជាក់ថា ចាប់ពីពេលនោះមក សម្តេចបានស្បថថា នឹងខិតខំអស់ពីសមត្ថភាពដើម្បីធានាសុវត្ថិភាពព្រះរាជវង្ស និងនិរន្តរភាពនៃរបបជាតិ។ សម្តេច ហ៊ុន សែន បានរំលឹកថា ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រះបិតាឯករាជ្យជាតិបានផ្តាំផ្ញើដោយផ្ទាល់ឱ្យសម្តេចបន្តការពារសុវត្ថិភាព និងព្រះកិត្តិយសរបស់ព្រះមហាក្សត្រ។ សម្តេចក៏បានបង្ហើបថា ភាគីថៃធ្លាប់ស្នើជួយការពារព្រះបិតាឯករាជ្យជាតិ ប៉ុន្តែសម្តេចបានបដិសេធ និងសង្កត់ធ្ងន់ថា ការធានាសុវត្ថិភាពព្រះរាជវង្សត្រូវជាការទទួលខុសត្រូវរបស់ប្រជាជនកម្ពុជាផ្ទាល់ ហើយកម្លាំងបរទេសមិនគួរជ្រៀតជ្រែក ដើម្បីរក្សាឯករាជ្យ និងអធិបតេយ្យភាពជាតិ។
សម្តេច ហ៊ុន សែន ក៏បានថ្លែងថា ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្តេចធ្លាប់ទៅទីក្រុងប៉េកាំងដោយផ្ទាល់ ដើម្បីអញ្ជើញព្រះបិតាឯករាជ្យជាតិ សម្តេចម៉ែ និងសមាជិកព្រះរាជវង្សផ្សេងទៀតយាងត្រឡប់មាតុប្រទេស និងបានឃើញការស្តារឡើងវិញពេញលេញនូវតួនាទី និងអត្ថន័យជានិមិត្តរូបរបស់ព្រះរាជវង្សក្នុងជីវិតនយោបាយជាតិ។ សម្តេចបានសង្កត់ធ្ងន់ថា ការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងធានាសុវត្ថិភាពព្រះរាជវង្សជាបេសកកម្មរយៈពេលវែង និងជាការទទួលខុសត្រូវដ៏សំខាន់ក្នុងការបំពេញការសន្យាចំពោះជាតិ និងប្រជាជន។
របាយការណ៍សរុបដោយស្ថានីយ៍យើង

