នគរបាលថៃរាយការណ៍ថ្មីៗនេះថា បានបង្ក្រាបសំណុំរឿងល្បែងអនឡាញធំមួយ ពាក់ព័ន្ធទឹកប្រាក់លើស១០០លានបាត ឬប្រមាណ២០លានយ័ន។ ជនសង្ស័យ៨នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមានអតីតជើងឯកប្រដាល់មួយរូប ដែលធ្លាប់ទទួលពានកីឡាករប្រដាល់ឆ្នើមប្រចាំឆ្នាំ២០១៦។
តាមនាយកដ្ឋានបង្ក្រាបបទល្មើសបច្ចេកវិទ្យារបស់ថៃ នគរបាលតាមដានប្រតិបត្តិការហិរញ្ញវត្ថុមិនប្រក្រតី ហើយរកឃើញគេហទំព័រ G2G69BET មានលំហូរប្រាក់សង្ស័យខុសច្បាប់ក្នុងទ្រង់ទ្រាយធំ។ ការស៊ើបអង្កេតបានភ្ជាប់គេហទំព័រនេះទៅនឹងអតីតជើងឯកប្រដាល់ ហើយនគរបាលឆ្មក់៩ទីតាំងព្រមគ្នានៅខេត្តឈុនបុរីនិងឡាំភូន។
នៅឈុនបុរី នគរបាលចាប់បាន៦នាក់ រួមទាំងអតីតអ្នកប្រដាល់។ នគរបាលថា បុរសរូបនេះប្រាប់ថាបានបើកគេហទំព័រតាំងពីឆ្នាំ២០២២ ដោយងាកទៅរកល្បែងអនឡាញពេលការប្រកួតប្រដាល់ថយចុះ។ សមត្ថកិច្ចរឹបអូសកាត ATM កុំព្យូទ័រ និងទូរស័ព្ទ។ នៅឡាំភូន អ្នកគ្រប់គ្រងគេហទំព័រ២នាក់ត្រូវបានចាប់ខ្លួន និងរឹបអូសឧបករណ៍ទំនាក់ទំនងជាច្រើន។
នគរបាលថា ជនសង្ស័យទាំង៨ត្រូវបានបញ្ជូនទៅអយ្យការពាក់ព័ន្ធការចោទអំពីការរៀបចំឆបោក ការផ្សាយពាណិជ្ជកម្មខុសច្បាប់ និងការលាងលុយ ហើយនឹងបន្តស៊ើបអង្កេតខ្សែប្រាក់ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីរំលាយបណ្ដាញល្បែងអនឡាញនេះទាំងស្រុង។
ស្ថានីយយើងចងក្រងពីប្រភពព័ត៌មាន។


