សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើង និងបំភ្លឺច្បាស់លាស់ចំពោះប្រជាពលរដ្ឋ អំពីកង្វល់ និងការលើកឡើងជាច្រើនតាមបណ្តាញសង្គម ពាក់ព័ន្ធនឹងការវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្ន ចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និងលេខ ៥២-៥៩ នៅខេត្តបាត់ដំបង។
ការបំភ្លឺនេះ បានផ្សព្វផ្សាយតាមបណ្តាសង្គមការងារផ្លូវការនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលសម្តេចធិបតីបានលើកចេញជា ៣ ចំណុចសំខាន់ៗ ដូចតទៅ៖
១. ការវាស់វែង និងបោះបង្គោលព្រំដែនមិនមែនជាការងារធ្វើឡើងថ្មីឡើយ៖ សម្តេចធិបតីបានបញ្ជាក់ថា ការវាស់វែង និងការស្វែងរកទីតាំងពិតប្រាកដបង្គោលព្រំដែនមិនមែនជាកិច្ចការធ្វើឡើងក្នុងរយៈពេលខាងក្រោយប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តពីការងារដែលក្រុមការងារបច្ចេកទេសរបស់ប្រទេសទាំងពីរ បានសហការធ្វើអស់រយៈពេលជិត ២០ ឆ្នាំមកហើយ។ ក្រុមវាស់វែងចម្រុះ កម្ពុជា-ថៃ បានចាប់ផ្តើមធ្វើការវាស់វែងតំបន់ព្រំដែនតាំងពីឆ្នាំ ២០០៦ ដើម្បីស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនបេតុងចំនួន ៧៤ បង្គោល ដែលត្រូវបានបោះឡើងតាំងពីឆ្នាំ ១៩១៩-១៩២០។ សម្តេចបានបញ្ជាក់ថា នៅតំបន់បង្គោលលេខ ៤២-៤៧ និង ៥២-៥៩ ក្រុមការងារទាំងពីរនៅតែស្ថិតក្នុងជំហានស្វែងរកទីតាំងបង្គោលព្រំដែន មិនទាន់បានអនុវត្តការងារខណ្ឌសីមាលើផ្ទៃដីជាក់ស្ដែងនៅឡើយ។ ការបន្តការងារបច្ចុប្បន្នគឺធ្វើស្របតាម MOU ឆ្នាំ ២០០០, TOR ឆ្នាំ ២០០៣ និងកិច្ចពិភាក្សា JBC មុនៗ ព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា។
២. ការងារព្រំដែនផ្អែកលើឯកសារគតិយុត្ត និងគោរពច្បាប់អន្តរជាតិ៖ សម្តេចធិបតីបានលើកឡើងថា ការងារវាស់វែង និងបោះបង្គោលព្រំដែនពឹងផ្អែកលើឯកសារគតិយុត្តត្រឹមត្រូវដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។ រាជរដ្ឋាភិបាលកម្ពុជាបានគោរពខ្ជាប់ខ្ជួនលើវិជ្ជាជីវៈ និងការទទួលខុសត្រូវ ក្នុងគោលដៅការពារអធិបតេយ្យភាព និងបូរណភាពទឹកដីតាមច្បាប់អន្តរជាតិ និងគោលការណ៍ព្រំដែនមិនអាចកែប្រែបាន។
៣. ការងារបោះបង្គោលព្រំដែនមិនមែនធ្វើឱ្យកម្ពុជាបាត់បង់ដីឡើយ៖ ចំពោះកង្វល់របស់ប្រជាពលរដ្ឋ អំពីការបាត់បង់ ឬចំណេញដី? បន្ទាប់ពីការវាស់វែងព្រំដែន សម្តេចធិបតីបានបញ្ជាក់ថា គោលដៅមិនមែនសម្រាប់គណនាដីខាត ឬចំណេញទេ ប៉ុន្តែក្នុងគោលបំណងកំណត់ព្រំដែនឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងស្របតាមឯកសារគតិយុត្ត និងច្បាប់អន្តរជាតិ។ កម្ពុជា មិនរំលោភលើដែនទឹកដីប្រទេសជិតខាង និងក៏មិនអនុញ្ញាតឱ្យនរណាមករំលោភលើដែនទឹកដីខ្លួនដែរ។ ការវាស់វែងនេះ គឺជាវិធីសាស្ត្រដោះស្រាយជម្លោះដោយសន្តិវិធី និងធ្វើឱ្យប្រជាពលរដ្ឋរស់នៅជាប់តំបន់ព្រំដែនមានសុវត្ថិភាព និងសុខុមាលភាពកាន់តែប្រសើរ។
ក្រោយពីការវាស់វែងបានបញ្ចប់ ក្រុមការងារចម្រុះនៃប្រទេសទាំងពីរ នឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាង ប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្តោះអាសន្ន ដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបាន ស្របតាមគោលការណ៍គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីទៅវិញទៅមក៕
ដោយ៖ KPS99TV





