ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអះអាងថា ចិននឹងបន្តគាំទ្រយ៉ាងពេញទំហឹងសម្រាប់កម្ពុជាដើម្បីក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០៣០។ ការអះអាងដូច្នេះ ស្របពេលដែលបច្ចុប្បន្ន កម្ពុជាបាននិងកំពុងឈានដល់របត់ថ្មីមួយយ៉ាងសំខាន់ក្នុងការបោសសម្អាតមីនដែលឈានឆ្ពោះទៅសម្រេចគោលដៅ «កម្ពុជាមួយគ្មានមីនឆ្នាំ២០៣០»។
ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២៨ ខែវិច្ឆិកាថា កាលពីពេលថ្មីៗនេះ ស្ថានទូតចិនប្រចាំកម្ពុជា និងអាជ្ញាធរសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានធ្វើទស្សនកិច្ចនៅខេត្តស្វាយរៀង សម្រាប់គម្រោង “កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងក្នុងសកម្មភាពមីន”។ យ៉ាងណា ចាប់តាំងពីការបើកដំណើរការនៅអំឡុងខែមិថុនា ឆ្នាំ២០២៥មក គម្រោងនេះបានលុបចោលទាំងស្រុងនូវសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) និងគ្រាប់បែកចង្កោមក្នុងពហុកោណចំនួន១២នៅទូទាំងស្រុករមាសហែក និងស្រុកស្វាយជ្រំ ក្នុងខេត្តស្វាយរៀង។ ឯកឧត្តម វ៉ាង វិនពីន បានបន្ថែមថា គម្រោងនេះក៏នឹងគាំទ្រដល់ការសាងសង់អគារសិក្សាថ្មី និងបរិក្ខារផ្គត់ផ្គង់ទឹកសម្រាប់សាលាមត្តេយ្យសហគមន៍មូលដ្ឋាន ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពក្នុងមូលដ្ឋានដែរ។
ចំណែក កន្លងទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏ធ្លាប់អំពាវនាវឱ្យប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បន្តគាំទ្ររាជរដ្ឋាភិបាល លើសកម្មភាពមីន ជាពិសេសក្នុងគោលដៅឆ្ពោះទៅរក «កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០៣០»។ គួររំលឹកថា៖ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិនក្នុងសកម្មភាពមីន គឺមិនត្រឹមតែជាការបោសសម្អាតមីននិងគាំទ្រការងារមនុស្សធម៌នោះទេ ប៉ុន្តែជាការត្រួសត្រាយផ្លូវសម្រាប់អនាគតនៃវិបុលភាពរួមគ្នា សន្តិភាព និងមិត្តភាពយូរអង្វែងរវាងកម្ពុជានិងចិន៕
ដោយ៖ ង៉ែត ពិសាន្ត



