នៅថ្ងៃទី១ ខែធ្នូ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានធ្វើប្រតិបត្តិការរួមគ្នាប្រឆាំងការឆបោកតាមអនឡាញនៅខណ្ឌពោធិ៍សែនជ័យ ដោយឃាត់ខ្លួនជនសង្ស័យ២៨នាក់ ក្នុងនោះមានស្ត្រី៦នាក់។ ផ្អែកលើព័ត៌មានដែលបានវិភាគជាមុន កម្លាំងបានចុះត្រួតពិនិត្យឆ្មក់ផ្ទះលេខ២N ក្នុងបុរី Park Villa។
តាមការស៊ើបអង្កេត ក្រុមនេះត្រូវបានសង្ស័យថាធ្វើសកម្មភាពឆបោកតាមអនឡាញ ដោយប្រើការលួងលោមស្នេហាតាមទម្រង់ដែលគេហៅថាការឆបោកចិញ្ចឹមជ្រូក ព្រមទាំងការគំរាមកំហែង និងជំរិតទារប្រាក់។ កម្លាំងបានដកហូតអេក្រង់កុំព្យូទ័រ៣៩គ្រឿង តួកុំព្យូទ័រ១១គ្រឿង ទូរសព្ទដៃ១០០គ្រឿង និងស៊ីមកាតជាច្រើន។ ក្នុងចំណោមអ្នកត្រូវឃាត់ខ្លួន មានជនជាតិវៀតណាម២៧នាក់ ដែលរួមមានស្ត្រី៦នាក់ និងបុរសជនជាតិខ្មែរម្នាក់។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធ ដើម្បីបន្តពិនិត្យ និងចាត់ការតាមច្បាប់។ ទីតាំងពាក់ព័ន្ធក៏ត្រូវបានបិទផងដែរ។ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នឹងបន្តរក្សាសម្ពាធក្នុងក្របខណ្ឌប្រតិបត្តិការបោសសម្អាតការឆបោកតាមបច្ចេកវិទ្យា និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញគ្រប់ប្រភេទតាមច្បាប់។
សេចក្តីរាយការណ៍សរុបដោយស្ថានីយយើង








