រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

UNESCO អំពាវនាវឱ្យការពារបេតិកភណ្ឌព្រះវិហារជាបន្ទាន់ ក្នុងស្ថានការណ៍តានតឹងកម្ពុជា–ថៃ

KPS99TV

សេចក្តីសង្ខេប

UNESCO បានបង្ហាញការព្រួយបារម្ភខ្លាំងចំពោះភាពតានតឹងកម្ពុជា–ថៃ នៅថ្ងៃទី១០ ខែធ្នូ ដោយអំពាវនាវឱ្យការពារបេតិកភណ្ឌជាបន្ទាន់ និងបញ្ជាក់ថាបានជូនកូអរដោនេតំបន់បេតិកភណ្ឌដល់ភាគីពាក់ព័ន្ធ ដើម្បីជៀសវាងការខូចខាត។

ភ្នំពេញ៖ អង្គការ UNESCO បានអំពាវនាវឱ្យការពារបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ជាបន្ទាន់និងគ្រប់ទម្រង់ ហើយបង្ហាញការព្រួយបារម្ភខ្លាំងចំពោះភាពតានតឹងឡើងវិញរវាងកម្ពុជានិងថៃ រួមទាំងនៅជុំវិញប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក។ នេះបើតាមសេចក្តីប្រកាសរបស់អង្គការនេះចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

UNESCO បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍ថ្មីៗ និងបានរំលឹកឱ្យភាគីទាំងអស់គោរពការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារទ្រព្យសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ និងអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក។

អង្គការ UNESCO បានបញ្ជាក់ថា នឹងបន្តតាមដានស្ថានភាពបេតិកភណ្ឌវប្បធម៌ក្នុងតំបន់យ៉ាងជិតស្និទ្ធ ដើម្បីធានាការការពារ។ អង្គការបានជូនដំណឹងដល់ភាគីពាក់ព័ន្ធទាំងអស់អំពីកូអរដោនេភូមិសាស្ត្រនៃតំបន់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងតំបន់សំខាន់ថ្នាក់ជាតិ ដើម្បីជៀសវាងការខូចខាតដែលអាចកើតមាន។ UNESCO ក៏ត្រៀមផ្តល់ជំនួយបច្ចេកទេសចាំបាច់ និងអនុវត្តវិធានការការពារនៅពេលលក្ខខណ្ឌអនុញ្ញាត។

តាមការរាយការណ៍ ប្រាសាទព្រះវិហារត្រូវបានរងការខូចខាតធ្ងន់ធ្ងរនៅពេលដែលថៃធ្វើការបាញ់ផ្លោង និងវាយប្រហារជាថ្មីចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីបានរងការខូចខាតម្តងហើយកាលពីការឈ្លានពានរបស់ថៃ ចន្លោះថ្ងៃទី២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៥។

ប្រាសាទព្រះវិហារ ត្រូវបានឡើងបញ្ជីបេតិកភណ្ឌពិភពលោករបស់ UNESCO កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។ ប្រាសាទនេះស្ថិតនៅលើជួរភ្នំដងរែក ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយប្រមាណជាង ៤០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ការវាយប្រហាររបស់ថៃចាប់ផ្តើមពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ដោយបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដោយមិនរើសមុខ មិនរើសទីតាំង ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា។ ចំពោះកម្ពុជា កងកម្លាំងបានប្រើប្រាស់សិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពជាតិតបតទៅវិញ បន្ទាប់ពីអត់ធ្មត់អស់រយៈពេលជាង ២៤ម៉ោង។ ដោយ៖ KPS99TV

 

មតិយោបល់

កំពុងផ្ទុកមតិយោបល់…