តាមការពិនិត្យបឋម ករណីសត្វដំរីស្លាប់នេះ បានបញ្ជាក់ថា សត្វដំរីញីមានទម្ងន់ប្រមាណ ៥០០គីឡូក្រាម និងកូនដំរីទើបកើតមានទម្ងន់ប្រមាណ ៨០គីឡូក្រាម បានស្លាប់នៅក្នុងទឹកអូរ។ សត្វដំរីញីមានស្នាមរបួសមុត បណ្តាលមកពីគ្រាប់ ឬអំបែងគ្រាប់ផ្ទុះ ដែលសង្ស័យថា កើតឡើងពីការឈ្លានពានរបស់កងយោធាថៃ ហើយបានរលូតកូន បណ្តាលឲ្យស្លាប់ទាំងម្តាយទាំងកូន។
នេះបើតាមការឲ្យដឹងពីមន្ត្រីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន ដែលបានប្រទះឃើញសត្វដំរីញី និងកូនដំរីស្លាប់ នៅចំណុចខាងលើ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។ បច្ចុប្បន្ន មន្ត្រីជំនាញផ្នែកបរិស្ថាន កំពុងបន្តធ្វើការសិក្សាស្រាវជ្រាវ និងចាត់វិធានការបន្តទៀតចំពោះសពសត្វដំរី។
កន្លងមក ប្រជាពលរដ្ឋអ្នកដងជ័រ បានរាយការណ៍ថា បានឃើញស្នាមដានជើងដំរី មានរបួស និងស្នាមឈាមស្រក់ ជាប់នៅលើដី និងស្មៅ នៅតំបន់ខាងលើ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។
លោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចាត់ឲ្យមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ «ព្រះរការ-ឆែប» សហការជាមួយមន្ត្រីផ្នែកស្រាវជ្រាវសត្វព្រៃ របស់អង្គការ WCS ចុះធ្វើការស្រាវជ្រាវជាបន្តបន្ទាប់។ ទោះជាយ៉ាងណា ដោយសារតំបន់ព្រៃមានទំហំធំ និងស្ថិតជិតតំបន់សមរភូមិប្រយុទ្ធ ពាក់ព័ន្ធនឹងការឈ្លានពានពីកងទ័ពថៃ ក្រុមការងារមិនអាចរកឃើញ និងជួយសង្គ្រោះសត្វដំរីបានទាន់ពេលវេលា។ រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ទើបបានប្រទះឃើញសត្វដំរីទាំងពីរបានស្លាប់បាត់ទៅហើយ។
សូមបញ្ជាក់ថា នៅខេត្តព្រះវិហារ កន្លងមកបានកត់ត្រាឃើញមានវត្តមានសត្វដំរីប្រមាណ ២០ក្បាល កំពុងរស់នៅ និងចល័តពីជួរភ្នំដងរ៉ែក ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃ «ឆែប-ព្រះរការ» ខេត្តព្រះវិហារ រហូតដល់តំបន់ព្រំដែនកម្ពុជា-ឡាវ។
ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ មិនមានការកត់ត្រាអំពីករណីសត្វដំរីងាប់ នៅក្នុងតំបន់ភូមិភាគខាងជើងនោះទេ។ តាមការសិក្សាថ្មីៗ បង្ហាញថា សត្វដំរីនៅប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានចំនួនលើសពី ៦០០ក្បាល កំពុងរស់នៅតាមតំបន់ការពារធម្មជាតិនានា។ សត្វដំរីអាស៊ី ត្រូវបានចុះក្នុងបញ្ជីក្រហមនៃសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN Red List) ជាប្រភេទជិតផុតពូជ និងត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ I នៃអនុសញ្ញាសាយតេស (CITES Appendix I)៕
ដោយ៖ ប៉ៃ សុឃីម





