២៣ថ្ងៃក្រោយពីផ្តើមវាយលុកលើទឹកដីខ្មែរ នៅបណ្តោយព្រំដែនប្រវែងជាង៨០០គីឡូម៉ែត្រ កងទ័ពថៃវ័ណ្តជើងក្នុងសង្គ្រាមរ៉ំារ៉ៃ។ គឺជា«សង្គ្រាមលេណដ្ឋាន»ដូចចម្បាំងនៅVerdun ក្នុងឆ្នាំ១៩១៦ កាលសម័យសង្គ្រាមលោកលើកទីមួយ៖ ចេញពីលេណដ្ឋាន, វ៉ៃសម្រុក, យកបានទីតាំងមួយកន្លែង តែមិនយូរឡើយត្រូវបានវ៉ៃរុញច្រានវិញ រួចហើយបាក់ទ័ព នាំគ្នារត់ចូលលេណដ្ឋានវិញ។ និយាយបែបផ្សេង ថៃឈ្លានពាន ឈ្នះមិនបានយូរ, កម្ពុជាការពារទឹកដី ដោយមិនចេះចាញ់។ ក៏ប៉ុន្តែ សង្គ្រាមនេះ បន្តសម្លាប់។
យុទ្ធជនទាំងសងខាងដែលសុទ្ធតែជាកូនៗនៃប្រជាជាតិថៃ និងជាកុលបុត្រនៃប្រជាជាតិកម្ពុជា បន្តពលី៖ ម្ខាងត្រូវគេបញ្ជូនមកឱ្យស្លាប់ដើម្បីវ៉ៃយកដីនិមិត្តរូបពីរបីចំអាម ម្ខាងទៀតត្រូវការពារទឹកដីដូនតា បូរណភាព អធិបតេយ្យភាព យុត្តិធម៌ កិត្តិយស និងភាពថ្លៃថ្នូរ។
ដើម្បីលាក់បាំងបរាជ័យនៅលើដី កងទ័ពថៃបន្លឺសំឡេងរន្ទះនៃយន្តហោះចម្បាំងF-16 ដែលទម្លាក់គ្រាប់បែកពីលើអាកាស ដូចស្នូរកាំភ្លើងធំលាន់ឮបែកមេឃនៃសមរភូមិVerdun សម័យសង្គ្រាមលោកលើទីមួយ។ មិនមែនដើម្បីជ័យជំនះទៀតទេ តែដើម្បីបំភ័យប្រជាជនខ្មែរ និងដើម្បីឃោសនាប្រាប់ប្រជាជនថៃថា កងកម្លាំងរបស់គេកំពុងឈ្នះ។
ការពិត បាននិងកំពុងបន្តប្រឡាក់ប្រតាក មុខមាត់នៃនគរថៃ កិត្តិយសនៃមេទ័ពថៃ និងនិទានកថា(narrative)នៃរដ្ឋាភិបាលថៃ។ ហេតុអ្វី? ពីព្រោះ បណ្តាយុទ្ធជនកំពុងពេញកម្លាំងនៃប្រទេសមួយនេះ ស្លាប់គរជើងគ្នាក្នុងព្រៃកម្ពុជា ក្នុងសង្គ្រាមមួយឥតន័យ និងដើម្បីបុព្វហេតុស្នេហាជាតិមួយក្លែងក្លាយ សម្រាប់បំពេរអារម្មណ៍នយោបាយរបស់ពួកជ្រុលនិយមមួយក្តាប់តូច។
ដូចនេះ ថៃត្រូវបញ្ឈប់សង្គ្រាមឈ្លានពានមកលើកម្ពុជាជាបន្ទាន់!៕
ប្រភព៖ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់
សម្រួល៖ ចិន្តា ទីទិ

