រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមហ៊ុនចិនចង់ពង្រីកការវិនិយោគបង្កើតរោងចក្រខ្លួនបន្ថែមនៅកម្ពុជា

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

Shijiazhuang Hongray Group Co., Ltd. ជាក្រុមហ៊ុនដ៏ធំមួយមកពីខេត្តហឺប៉ី ប្រទេសចិន ដែលមានបទពិសោធន៍ប្រមាណ ៣០ឆ្នាំក្នុងការផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) កំពុងស្វែងរកទីតាំងថ្មីក្នុងការពង្រីកការវិនិយោគបង្កើតរោងចក្រខ្លួនដើម្បីពង្រីកខ្សែច្រវាក់ផលិតកម្មរហូតដល់ទៅ១០ខ្សែបន្ថែម។

នេះជាការបញ្ជាក់ជំហរដែលបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក លាវ គួយស៊ី (Liu Guixi) ប្រធានក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥។

លោក លាវ គួយស៊ី បានជម្រាបថា ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. គឺជាក្រុមហ៊ុនដ៏ធំមួយដែលមានបទពិសោធន៍ប្រមាណ ៣០ឆ្នាំកន្លងមកហើយក្នុងការផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) នាំចេញទៅទីផ្សារអាម៉េរិក និងសហគមន៍អឺរ៉ុប។

លោកបន្តថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺក្នុងគោលបំណងស្វែងរកទីតាំងថ្មី ដើម្បីពង្រីកការវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) ដោយមានតម្រូវការពង្រីកខ្សែច្រវាក់ផលិតកម្មរហូតដល់ទៅ ១០ខ្សែបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ថា ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. បានសហការជាមួយក្រុមហ៊ុន Medtecs MSEZ Corp.,Ltd បណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេហាតធេន ស្ថិតនៅខេត្តស្វាយរៀង។

ឯកឧត្តមក៏បានជម្រាបស្ថានភាពដ៏ល្អប្រសើរនៃវិនិយោគនៅកម្ពុជា, របបលើកទឹកចិត្តប្រកបដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន និងសក្តានុពលវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន។

ឆ្លើយតបនឹងបំណងចង់ពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ឯកឧត្តមអគ្គលេខាធិការបានប្រកាសការគាំទ្រចំពោះគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន។ ឯកឧត្តមអគ្គលេខាធិការ ក៏បានជំរុញនិងលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការយកជ័រកៅស៊ូក្នុងស្រុកឱ្យបានច្រើនជាអតិបរមាធ្វើជាធាតុចូលផលិតកម្ម ជំនួសឱ្យការប្រើសារធាតុគីមីផ្សេងៗ ដើម្បីកាត់បន្ថយនូវហានិភ័យប៉ះពាល់បរិស្ថានដែលបណ្តាលមកពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…