រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ហួត ឃាងវេង៖ ឆ្នាំ២០២៥ ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីមានការថយចុះច្រើន បើប្រៀបធៀបឆ្នាំ២០២៤

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារបរិវត្តកម្មឌីជីថល និងនីតិកម្ម ក្រសួងព័ត៌មាន បានថ្លែងថា ដើម្បីធ្វើឱ្យការងាររបស់ក្រសួងព័ត៌មានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល តាមផ្នែកនីមួយៗចំណុះឱ្យក្រសួងព័ត៌មានបានខិតខំប្រឹងប្រែងដើម្បីភាពជោគជ័យរបស់ក្រសួងក្នុងនោះក៏មានលេខាធិការដ្ឋាន នៃក្រុមការងារបរិវត្តកម្មឌីជីថល និងនីតិកម្ម ដែលជាសេនាធិការរបស់ក្រសួងព័ត៌មានផងដែរ។

ការថ្លែងរបស់ ឯកឧត្តម ហួត ឃាងវេង ដូចនេះក្នុងឱកាសនៃការធ្វើបទបង្ហាញនៅក្នុងដំណើរការសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងពីវឌ្ឍនភាពនៃប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនាពេលបច្ចុប្បន្ន និងការវិវត្តន៍របស់វា ដោយបានបញ្ជាក់ពីបច្ចុប្បន្នភាពនៃទិន្នន័យស្ថានីយវិទ្យុ ទូរទស្សន៍ និងថ្នាលទូរទស្សន៍ឌីជីថល ដោយកាលពីឆ្នាំ២០២៥ ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី រួមមាន ស្ថានីយវិទ្យុ ទូរទស្សន៍ ទូរទស្សន៍ខ្សែកាប ទូរទស្សន៍ឌីជីថល Pay TV មានការថយចុះច្រើន បើប្រៀបធៀបឆ្នាំ២០២៤។ នេះត្រូវបានចាត់ទុកថា ប្រពន្ធផ្សព្វផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាកំពុងមានការអភិវឌ្ឍ ខណៈដែលបច្ចេកវិទ្យាក្នុងប្រព័ន្ធផ្សព្វផ្សាយកំពុងមានការរីកចម្រើនឥតឈប់ឈរ និងប្រែប្រួលទៅតាមការវិវត្តនៃសេដ្ឋកិច្ច ហើយដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ និងពង្រីកវិសាលភាពនៃប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងទាន់សភាពការណ៍ ប្រព័ន្ធបច្ចេកវិទ្យា រួមទាំងប្រព័ន្ធភាពទន់ពាក់ព័ន្ធវិស័យព័ត៌មានត្រូវមានការធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍជាប្រចាំ ដើម្បីបង្កើនគុណភាពនៃសេវាកម្មទូរទស្សន៍ និងវិទ្យុ និងការប្រើប្រាស់ទូទាំងប្រទេស ខណៈដែលការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយមានទំនាក់ទំនងយ៉ាងសកម្មទៅនឹងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ឧស្សាហកម្ម ៤.០ ដើម្បីធ្វើឱ្យប្រទេសកម្ពុជាក្លាយជាសេដ្ឋកិច្ចឌីជីថលពេញលេញ។

បើតាមការបញ្ជាក់របស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជន គឺទទួលបាននូវការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្រសួងសាម៉ី និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងការលើកទឹកចិត្តខាងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពនៃការផ្សព្វផ្សាយ។ ជារួម កន្លងមករាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន បានអនុវត្តកម្មវិធីជាច្រើនដើម្បីលើកកម្ពស់ និងគាំពារអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដូចជាការផ្តល់ជូននូវការប្រឹក្សាផ្នែកច្បាប់ និងមេធាវីការពារក្តីនៅតុលាការ ការបញ្ចុះតម្លៃសេវាសាធារណៈ ការលើកលែងពន្ធប៉ាតង់ និងការលើកលែងតម្លៃសេវាចុះបញ្ជីការសម្រាប់ប្រព័ន្ធផ្សព្វផ្សាយអនឡាញតូចតាចនៅក្រសួងពាណិជ្ជកម្ម ការបញ្ចុះតម្លៃលើសេវាពិនិត្យសុខភាព ការធ្វើប្រតិភូកម្មមុខងារទៅថ្នាក់ក្រោមជាតិ។ល។ ការលើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយជាប្រតិបត្តិការដ៏សំខាន់មួយ ដែលត្រូវផ្តោតលើការគាំទ្រផ្នែកច្បាប់ ការកសាង និងអភិវឌ្ឍសមត្ថភាព និងការលើកទឹកចិត្តឱ្យប្រព័ន្ធផ្សព្វផ្សាយចូលរួមយ៉ាងសកម្មក្នុងការផ្តល់ព័ត៌មានដែលទាក់ទងបញ្ហាសង្គម៕ ប្រភព៖ ក្រសួងព័ត៌មាន

មតិយោបល់

កំពុងផ្ទុកមតិយោបល់…