រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១ លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផា ធ្លាប់មានប្រសាសន៍ថា មន្ទីរពេទ្យគន្ធបុប្ផា បានជួយសង្គ្រោះ និងដណ្ដើមយកជីវិតកុមារកម្ពុជាជាច្រើនពីមាត់មច្ចុរាជ។ កុមារដែលធ្លាប់ទទួលបានការព្យាបាលទាំងនោះ ក្រោយមកបានក្លាយជាគ្រូពេទ្យ និងជួយព្យាបាលអ្នកជំងឺដទៃទៀត ខណៈមួយចំនួនទៀតបានក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមកម្ពុជា។

ក្នុងរយៈពេលពេញមួយឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារចំនួន ១,០៧១,៦៣៧ ករណី កើនឡើង ១៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ កន្លងទៅ។ នេះបើតាមរបាយការណ៍សង្ខេបស្តីពីសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងឆ្នាំ២០២៥។

តាមរបាយការណ៍ដដែល មន្ទីរពេទ្យគន្ធបុប្ផា ក៏បានព្យាបាលកុមារដែលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ២៣៣,២៤៣ នាក់ ព្យាបាលអ្នកជំងឺគ្រុនឈាមដែលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ២២,៩៨២ ករណី ពិនិត្យ និងផ្តល់សេវាតាមដានផ្ទៃពោះដល់ស្ត្រីមានផ្ទៃពោះចំនួន ១០៨,១៣៤ ករណី ផ្តល់សេវាសម្រាលកូនដល់ស្ត្រីចំនួន ២៥,៧៣៦ នាក់ ផ្តល់សេវាវះកាត់ទូទៅចំនួន ៣៤,៨៨៩ ករណី និងវះកាត់ជំងឺបេះដូងពីកំណើតចំនួន ១,១៦៣ ករណី។

ក្នុងឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាចំនួន ៤៦,១៨១,៥២៣ ដុល្លារអាមេរិក ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ និងគ្មានការរើសអើង។

គួរឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ ១៩៩២ ខណៈមន្ទីរពេទ្យគន្ធបុប្ផា នៅខេត្តសៀមរាប (មន្ទីរពេទ្យជ័យវរ្ម័នទី៧) បានចាប់ផ្តើមដំណើរការនៅឆ្នាំ ១៩៩៩។

មន្ទីរពេទ្យគន្ធបុប្ផា មានបេសកកម្មវេជ្ជសាស្ត្រឯកទេស រួមមាន ការព្យាបាលរោគកុមារទូទៅ សង្គ្រោះបន្ទាន់ជំងឺកុមារ និងទារក ទារកវិទ្យា ផ្នែកសម្ភព ឯកទេសជំងឺទឹកនោមផ្អែមកុមារ ឯកទេសជំងឺប្រព័ន្ធរំលាយអាហារកុមារ ឯកទេសជំងឺដុំមហារីក និងមហារីកឈាម សល្យសាស្ត្ររោគកុមារទូទៅ និងសល្យសាស្ត្រប្រព័ន្ធប្រសាទ សល្យសាស្ត្រជំងឺបេះដូងកុមារ ផ្នែកព្យាបាលអន្តរាគមន៍តាមសរសៃឈាម ឯកទេសព្យាបាលជំងឺអេពីឡេបស៊ី (Épilepsie) ផ្នែកអប់រំសុខភាពបឋម និងការចាក់ថ្នាំបង្ការ។

ជានិច្ចកាល លោកជំទាវស្ត្រីទី១ តែងតែអំពាវនាវឱ្យសប្បុរសជន បរិច្ចាគថវិកាចូលមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យ ឱ្យអាចបំពេញបេសកកម្មដ៏ថ្លៃថ្លា ក្នុងការសង្គ្រោះជីវិតកុមារកម្ពុជា។ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…