ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូ និងក្រុមប្រឹក្សាសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៥ (ចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ) កាលពីថ្ងៃទី៣០ ខែមករា នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។
ក្រសួងទេសចរណ៍ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ចិន ដោយបានថ្លែងអំណរគុណចំពោះការបន្តគាំទ្ររបស់មិត្តចិន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងការជំរុញលំហូរនៃកំណើនភ្ញៀវទេសចរចិនមកកម្ពុជា ស្របពេលដែលប្រទេសទាំងពីរប្រារព្ធឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥។ ជាមួយគ្នា កម្ពុជាបានអនុវត្តគម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃប្រទេសចិន ក្នុងអំឡុងពេលសាកល្បង ៤ខែ (ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦)។
ចំណែក កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ជប៉ុន, កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះលទ្ធផលវិជ្ជមានដែលសម្រេចបាន តាមរយៈការចូលរួមវេទិកាសំខាន់ៗ រួមមាន ពិព័រណ៍ទេសចរណ៍ EXPO Japan និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី៨ ដែលបានប្រព្រឹត្តទៅនៅខេត្ត Aichi កាលពីខែកញ្ញា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ ជំហានសំខាន់មួយត្រូវបានសម្រេចដោយមានការបើកដំណើរការជើងហោះហើរត្រង់លើកដំបូងរវាងទីក្រុងភ្នំពេញ និងទីក្រុងតូក្យូ នៅខែតុលា ឆ្នាំ២០២៥ ដែលបានពង្រឹងការតភ្ជាប់ និងសម្រួលដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។
ដោយឡែក កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-សាធារណរដ្ឋកូរ៉េ, ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រជាបន្តបន្ទាប់របស់សាធារណរដ្ឋកូរ៉េ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន–កូរ៉េ ក្រោមការអនុវត្តផែនការសកម្មភាព អាស៊ាន–កូរ៉េ, និយាយជារួម, និងនិយាយដោយឡែក កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-សាធារណរដ្ឋកូរ៉េ។ ក្នុងន័យនេះ តាមរយៈការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងសេអ៊ូល ឆ្នាំ២០២៥ និងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម KIM JAE-SHIN អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ទទួលបានលទ្ធផលគួរជាទីកត់សម្គាល់។ កម្ពុជាសូមស្វាគមន៍កិច្ចសហប្រតិបត្តិការលើការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM trips) របស់សារព័ត៌មាន និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ដើម្បីបន្ថែមការយល់ដឹង និងលើកកម្ពស់រូបភាពកម្ពុជា ជាគោលដៅទេសចរណ៍មានសុវត្ថិភាព ទាក់ទាញ និងសម្បូរបែបសម្រាប់ភ្ញៀវទេសចរកូរ៉េ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំប្រទេសដៃគូទាំងបី ក្នុងការបន្តកសាងសមត្ថភាពសម្រាប់អ្នកជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍, ការផ្សព្វផ្សាយរួមគ្នា, ដំណើរទស្សនកិច្ចសិក្សា (FAM trips) របស់សារព័ត៌មាននិងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម, ព្រមទាំងការរៀបចំកម្មវិធីនិងព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា។ បន្ថែមពីនេះ អង្គប្រជុំបានអនុម័តផែនការការងារសហប្រតិបត្តិការអាស៊ានបូកបីឆ្នាំ ២០២៦-២០៣០ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងអាស៊ាន ជាមួយប្រទេសចិន, ជប៉ុន និង សាធារណរដ្ឋកូរ៉េ។
សូមជម្រាបថា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៥ (ចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ) មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១១ , ឯកឧត្តមអគ្គលេខាធិការរងអាស៊ាន, ប្រធានគណៈប្រតិភូមកពីប្រទេសចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ ព្រមទាំងអគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន, អាស៊ាន-ជប៉ុន, អាស៊ាន-កូរ៉េ សរុបប្រមាណ ១៧០ រូប។ ចំណែក សហប្រធាននៃកិច្ចប្រជុំនេះ គឺលោកជំទាវ ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន និង ឯកឧត្តម MANABU NAGAI អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ សាធារណរដ្ឋការ និង ទេសចរណ៍នៃប្រទេសជប៉ុន៕
ដោយ៖ ង៉ែត ពិសាន្ត




















