រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ការសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១សម្រេចបានជាង៥៧ភាគរយលើសពីផែនការគ្រោងទុក

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

គិតមកដល់ដំណាច់ខែមករា ឆ្នាំ២០២៦នេះ គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជំហានទី១ សម្រេចបាន ៥៧,៤០ភាគរយ លើសពីផែនការដែលបានគ្រោងទុក១,៥០ភាគរយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី០៦ ខែកុម្ភៈ។

គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីតម្លៃជិត១ពាន់លានដុល្លារអាម៉េរិក មានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក ១៤,៥ម៉ែត្រ ដោយមានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រខ្នាតធំចំណុះ ៤,០០០TEUs ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកចូលចតបាន។

ចំណតផែកុងតឺន័រថ្មីនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅអំឡុងខែមីនា ឆ្នាំ២០២៧ខាងមុខ ខណៈបច្ចប្បន្នឯកឧត្តម លូ គឹមឈន់ បានបង្ហើបប្រាប់ថា បរិមាណទំនិញកុងតឺន័រឆ្លងកាត់កំពង់ផែ មានការកើនឡើងខ្ពស់ហួសពីការរំពឹង ដោយកើនលើស ១លានTEUs នៅឆ្នាំ២០២៤ ក្នុងអត្រាកំណើន ២៩,៣៤ភាគរយ និងកើនលើស ១,៣៤លានTEUs នៅឆ្នាំ២០២៥ ក្នុងកំណើន ៣០,៥៨ភាគរយ ដែលបណ្តាលឱ្យហួសពីសមត្ថភាពរបស់ផែធ្វើឱ្យនាវារង់ចាំការចូលចតចំណតផែក្នុងរយៈពេលយូរ និងមានការស្ទះចរាចរនៅមុខផ្លូវចូលចំណតផែជាដើម។

ទាក់ទិននឹងការអភិវឌ្ឍន៍កំពង់ផែ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា គឺមានសារៈសំខាន់ដោយសារជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចជាតិ ខណៈទំនិញនាំចេញ-ចូលប្រមាណ ៧០ភាគរយគឺឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ។ ដូច្នេះឯកឧត្តមអភិបាលខេត្ត យល់ឃើញថា ការអភិវឌ្ឍន៍កំពង់ផែ គឺត្រូវតែផ្សារភ្ជាប់ជាមួយនឹងគមនាគមន៍នៃការដឹកជញ្ជូន ដោយឯកឧត្តមពន្យល់ថា៖ «យើងមិនអាចអភិវឌ្ឍន៍តែកំពង់ផែ ប៉ុន្តែអត់មានផ្លូវដឹកជញ្ជូនទំនិញចេញពីកំពង់ផែទៅកាន់បណ្តារាជធានី-ខេត្តផ្សេងៗនោះទេ»។

ឯកឧត្តម ម៉ាង ស៊ីណេត មើលឃើញថា ប្រសិនបើឆ្នាំ២០៣០ កំពង់ផែមានអភិវឌ្ឍន៍ហើយផ្លូវដឹកជញ្ជូននៅតែប៉ុណ្ណេះ នោះនឹងធ្វើឱ្យមានការកកស្ទះនៅកំពង់ផែ។ ដូច្នេះ ឯកឧត្តមបានបង្ហាញគំនិតថា ចង់សាងសង់ផ្លូវឱ្យស្របជាមួយផ្លូវរថភ្លើង ព្រោះនៅទីនោះគឺជាចំណីផ្លូវសាធារណៈរបស់រដ្ឋ ដោយសាងសង់ផ្លូវនៅសងខាងសម្រាប់ដឹកជញ្ជូនដែលអាចជួយរំដោះចរាចរណ៍នៃការដឹកជញ្ជូនទំនិញចេញពីកំពង់ផែបាន។ «ចំណែក ទៅថ្ងៃមុខ យើងនឹងមានព្រែកជីកហ្វូណនតេជោ ដែលជាច្រកដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់មួយសម្រាប់ដឹកជញ្ជូនទំនិញចេញពីកំពង់ផែទៅកាន់រាជធានី-ខេត្តផ្សេងៗ»។ នេះបើតាមឯកឧត្តម ម៉ាង ស៊ីណេត បញ្ជាក់បន្ថែម៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…