ជនជាតិចិនសរុបចំនួន ១១០នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានអាជ្ញាធរកម្ពុជា បណ្ដេញចេញតាមរយៈយន្តហោះពិសេស តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។
លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតចិន ក្នុងការអនុវត្តនីតិវិធីតាមច្បាប់។
ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយមិនមានការលើកលែងចំពោះមេខ្លោងដែលនៅពីក្រោយឡើយ។ ទន្ទឹមនោះ ក៏បានផ្តោតលើការជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវបានបោកបញ្ឆោតឱ្យមកធ្វើការនៅក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឱ្យពួកគេមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕ ដោយ៖ ប៉ៃ សុឃីម







