រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ្នកនាំពាក្យ៖កម្ពុជាមានទំនិញជាង៣០០ប្រភេទសម្រាប់នាំចេញទៅចិន

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

កសិផលកម្ពុជាប្រមាណជាង ៣០០ប្រភេទ ដែលអាចនាំចេញទៅលក់នៅប្រទេសចិន ខណៈនេះកម្ពុជាក៏កំពុងសម្លឹងមើលពីឱកាសនៃការពង្រីកទំហំនាំចេញទៅកាន់ទីផ្សារប្រទេសចិនថែមទៀតដែរ។ នេះបើតាមឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្ដាញសារព័ត៌មានឱ្យដឹងថា ក្នុងចំណោមផលិតផលកសិកម្មទាំងជាង៣០០មុខ កម្ពុជាមានកូតានាំអង្ករចេញទៅរហូតដល់ ៥០ម៉ឺនតោនក្នុងមួយឆ្នាំ។

ឯកឧត្តមបញ្ជាក់ថា ផលិតផលកសិកម្មសំខាន់ៗដែលកម្ពុជានាំចេញទៅកាន់ទីផ្សារប្រទេសចិន រួមមាន ដំឡូងមី ស្វាយចន្ទី ផ្លែចេក ស្វាយកែវរមៀត ទុរេនស្រស់ និងមៀនប៉ៃលិន រួមជាមួយនឹងទំនិញសំខាន់ៗជាច្រើនទៀត ជាពិសេសជាងគេ គឺអង្ករ ដែលប្រទេសចិនបានផ្តល់កូតានាំអង្ករពីកម្ពុជាច្រើនបំផុតរហូតដល់៥០ម៉ឺនតោនក្នុងមួយឆ្នាំ។

សូមជម្រាបថា កម្ពុជា-ចិន បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កាលពីអំឡុងខែមករា ឆ្នាំ២០២២។ តាមរយៈកិច្ចព្រមព្រៀងនេះបានអនុញ្ញាតឱ្យកម្ពុជានាំផលិតផលកសិកម្មរបស់ខ្លួនទៅលក់នៅលើទីផ្សារប្រទេសចិនជាង៣០០មុខ។ ដោយឡែក ប្រទេសចិន អាចនាំទំនិញមួយចំនួនចូលមកទីផ្សារកម្ពុជា ក្នុងនោះរួមមាន សម្ភារៈសំណង់ វត្ថុធាតុដើមសម្រាប់រោងចក្រកាត់ដេរ ផលិតផលស្បែក ផលិតផលចំណីអាហារ ផ្លែឈើ គ្រឿងអេឡិចត្រូនិក និងរថយន្តជាដើម។

ក្រៅពីនាំចេញទៅចិន កម្ពុជាក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសមួយចំនួនទៀតទាំងនៅអាស៊ី និងអ៊ឺរ៉ុប ដូចជា កូរ៉េ ហ្វីលីពីន ឥណ្ឌូនេស៊ី ។ ចំណែកអង្ករក្រអូបមានទីផ្សារនៅសហភាពអឺរ៉ុប ដូចជា នៅប្រទេសហូឡង់ ហ្វាង់ឡង់ ដាណាម៉ាក់ និងបណ្តាប្រទេសអាហ្វ្រិក៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…