រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មេទ័ពហ្វីលីពីនចុះពិនិត្យមើលផ្ទាល់ពីការដាក់ទូរកុងតឺន័រនិងបន្លាលួសរបស់ថៃ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន ឯកឧត្តមនាយឧត្តមសេនីយ៍ ROMEO S BRAWNER JR នៅរសៀលថ្ងៃសុក្រ ទី១៣ ខែកុម្ភៈនេះ បានចុះសង្កេតការណ៍អំពីស្ថានភាពព្រំដែនក្នុងភូមិសាស្រ្តច្រកបឹងត្រកួន ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយយោធាថៃបានដាក់ទូរកុងតឺន័រ និងរាយបន្លាលួសចូលក្នុងដែនអធិបតេយ្យកម្ពុជា ក្រោយបទឈប់បាញ់ចូលជាធរមាន ដែលឯកឧត្តមបានមើលឃើញដោយផ្ទាល់ភ្នែក។

ការចុះទៅពិនិត្យស្ថានភាពព្រំដែនរបស់អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន ធ្វើឡើងដោយមានការអមដំណើរពីសំណាក់ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ នេះបើតាមលោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។

លោកជំទាវ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រទេសហ្វីលីពីន ដែលនឹងត្រូវដឹកនាំកិច្ចការងារនេះបន្តក្នុងនាមប្រធានអាស៊ានប្តូរវេន និងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តពីប្រទេសម៉ាឡេស៊ី។

លោកជំទាវអ្នកនាំពាក្យ បញ្ជាក់បន្ថែមថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត។

សូមជម្រាបថា បន្ទាប់ពីហ្វីលីពីន ទទួលបានឋាៈជាប្រធានប្ដូរវេនអាស៊ានសម្រាប់ឆ្នាំ២០២៦នេះ ឯកឧត្តម Romeo S Brawner Jr. បានជួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីការពារជាតិ ទៀ សីហា ជាលើកដំបូងក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនៅប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែកុម្ភៈ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…