បន្ទាប់ពីសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា «អាដហុក» បង្ហាញការព្រួយបារម្ភជុំវិញសកម្មភាពរបស់អាវុធហត្ថស្រុកអណ្តូងមាស ខេត្តរតនគិរី ចុះទៅតាមចាប់ខ្លួនអ្នកតំណាងសកម្មរបស់ពលរដ្ឋ២៥គ្រួសារទាំងយប់អធ្រាត្រទាក់ទិនករណីទំនាស់ដីធ្លីជាមួយលោកជំទាវម្នាក់ ដែលគេស្គាល់មានឈ្មោះ សេក សុភ័ក្រ្តសឿម៉ូនា។ ជុំវិញនឹងការតាមចាប់ខ្លួននេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី នៅថ្ងៃទី១៧ ខែកុម្ភៈ បានចេញមកបំភ្លឺថា ដោយសារមានពាក្យបណ្តឹងពីភាគីម្ខាងទៀត ហើយអាវុធហត្ថ ក៏រង់ចាំការឆ្លើយតប និងបង្ហាញភស្តុតាងទាំងអង្គហេតុ និងអង្គច្បាប់ដែរ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអណ្តូងមាស បានទទួលបណ្តឹងតាមទូរស័ព្ទពីឈ្មោះ សេង សុផល ជាមេការមើលការខុសត្រូវដីចម្ការឱ្យឈ្មោះ សេក សុភ័ក្ត្រសឿម៉ូនា ថាមានករណីគប់អេស្កាវ៉ាទ័រធ្វើឱ្យបែកកញ្ចក់ខាងមុខមួយផ្ទាំង នៅចំណុចដីចម្ការរបស់ឈ្មោះ សេក សុភ័ក្ត្រសឿម៉ូនា ស្ថិតនៅក្នុងភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ សឿន កេត និងប្រពន្ធឈ្មោះ ញឹម ស្រីឌី រស់នៅភូមិឃុំកើតហេតុខាងលើ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹង និងមានការអនុញ្ញាតសម្របសម្រួលនីតិវិធីពីលោក ឡេង លីណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងកងរាជអាវុធហត្ថស្រុកអណ្តូងមាស បានចុះទៅដល់កន្លែងកើតហេតុត្រួតពិនិត្យបទល្មើសខាងលើឃើញថា មានការបំផ្លិចបំផ្លាញ និងធ្វើឱ្យខូចខាតដោយចេតនាមែន។ ពេលនោះ កម្លាំងអាវុធហត្ថ ក៏ទៅអញ្ជើញឈ្មោះ សឿន កេត និងប្រពន្ធ ដល់ផ្ទះដើម្បីយកមកធ្វើការសាកសួរអំពីដំណើររឿងហេតុ។ ក្នុងនោះក៏មានការចូលរួមលោកមេភូមិកាណាត និងលោកក្រុមប្រឹក្សាឃុំដែរ។ ប៉ុន្តែស្រាប់តែមានប្រជាពលរដ្ឋប្រហែល ២០នាក់ចេញមកហ៊ុមព័ទ្ធ និងរំខានដល់ការងាររបស់កម្លាំងសមត្ថកិច្ច ពេលនោះកម្លាំងក៏បានដកត្រឡប់មកអង្គភាពវិញ។ ជុំវិញនឹងករណីនេះ អាវុធហត្ថបានបន្តកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី។
សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ សមាគមអាដហុក បានចេញសេចក្តីថ្លែងការណ៍មួយដោយបង្ហាញការព្រួយបារម្ភជុំវិញសកម្មភាពរបស់អាវុធហត្ថស្រុកអណ្តូងមាស ចុះទៅតាមចាប់ខ្លួនអ្នកតំណាងពលរដ្ឋទាំងយប់អធ្រាត្រទាក់ទិនករណីទំនាស់ដីធ្លី។ សកម្មភាពចូលទៅចាប់ខ្លួនប្រជាពលរដ្ឋទាំងយប់ និងដែលមិនមែនជាបទល្មើសជាក់ស្តែង ត្រូវបានសមាគមអាដហុកចាត់ទុកជាការផ្ទុយទាំងស្រុងទៅនឹងគោលការណ៍ច្បាប់ និងរិតតែបង្ហាញឱ្យឃើញពីរូបភាពនៃការគំរាមគំហែង បំបិទសេរីភាព និងបំបាក់ស្មារតីដល់ប្រជាពលរដ្ឋមិនឱ្យតវ៉ា ដែលពួកគាត់ត្រូវរងគ្រោះម្តងហើយម្តងទៀត។ មិនតែប៉ុណ្ណោះ សមាគមអាដហុកយល់ឃើញថា ការចាប់ខ្លួនពលរដ្ឋដោយសារតែបញ្ហាជម្លោះដីធ្លី ពុំមែនជាមធ្យោបាយដ៏ល្អសម្រាប់ការដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធិភាពនោះទេ ផ្ទុយមកវិញវាកាន់តែបង្ករនូវភាពក្ដៅក្រហាយ ឈឺចាប់ និងធ្វើឱ្យប្រជាពលរដ្ឋអស់ជំនឿលើយន្តការអាជ្ញាធរ ហើយក៍មិនស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែរ៕
ដោយ៖ ង៉ែត ពិសាន្ត





